2025-10-31 12:39
12

ភ្នំពេញ៖ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៩៤ ថ្ងៃ ចាប់តាំងពីទាហានកម្ពុជា ១៨ នាក់ ត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ក្នុងឧប្បត្តិហេតុជម្លោះព្រំដែនកាលពីខែកក្កដា ឆ្នាំ២០២៥។ ទាហានទាំងនេះ ត្រូវបានរាយការណ៍ថា សុវត្ថិភាព និងមានសុខភាពល្អ ដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានទៅសាកសួរសុខទុក្ខពួកគេចំនួនពីរដង និងជួយផ្ញើសារពីគ្រួសារទៅឲ្យពួកគេផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការធានាឲ្យមានការដោះលែងទាហានកម្ពុជា ចំនួន ១៨ នាក់ ដោយសុវត្ថិភាព និងឆាប់រហ័ស ដោយប្រើគ្រប់មធ្យោបាយការទូត និងមនុស្សធម៌ដែលអាចប្រើបាន។

ទាហានកម្ពុជា ទាំង ១៨ នាក់ ត្រូវបានចាប់ខ្លួនដោយកងទ័ពថៃ ក្នុងឧប្បត្តិហេតុជម្លោះព្រំដែនកាលពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់មានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ ទាហានទាំងនេះ នៅតែស្ថិតនៅក្នុងការឃុំខ្លួនរបស់ថៃដដែល។ 

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានបញ្ជាក់ថា «ទាហានកម្ពុជាទាំង ១៨ នាក់ ពួកគេមានសុវត្ថិភាព និងមានសុខភាពល្អ ហើយបានទទួលសារពីគ្រួសារផងដែរ»។

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងបន្ទាន់ទៅកាន់ អាជ្ញាធរថៃ ដើម្បីដោះលែងទាហានទាំងនេះ ដោយមិនត្រូវពន្យារពេលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីឲ្យពួកគេអាចជួបជុំគ្រួសារវិញដោយសុវត្ថិភាព។ ការអំពាវនាវនេះផ្អែកលើគោលការណ៍នៃសេចក្ដីថ្លៃថ្នូរមនុស្ស និងសន្តិភាពតំបន់។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងគូឡាឡាំពួរ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន និងមានមហាអំណាចអាមេរិក ក្រោមវត្តមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន ជាសាក្សី។ ក្នុងកំឡុងពេលចុះកិច្ចព្រមព្រៀងក៏បានជំរុញឱ្យភាគីថៃ ដោះលេងទាហានកម្ពុជាឱ្យបានឆាប់រហ័សផងដែរ។

ប៉ុន្តែ ភាគីថៃ មិនយកចិត្តទុកដាក់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដោយបានបញ្ជាក់ថា ការដោះលែងទាហានកម្ពុជា ទាំង ១៨ នាក់ បើកម្ពុជាអនុវត្តនូវលក្ខខណ្ឌ ៤ ចំណុច ដែលទាក់ទងនឹងសន្តិភាពតំបន់ព្រំដែន និងច្បាប់អន្តរជាតិ។ ចំពោះលក្ខខណ្ឌ ចំនួន ៤ ចំណុច សម្រាប់ការដោះលែងទាហានកម្ពុជា រួមមាន៖ ដកយុទ្ធភ័ណ្ឌធំៗចេញពីតំបន់ព្រំដែន, ការបោសសម្អាតគ្រាប់មីនចេញពីតំបន់ជម្លោះ, បង្រ្កាបបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសក្រុមឆបោកតាមប្រព័ន្ធអនឡាញ និងសហការណ៍ក្នុងការគ្រប់គ្រងព្រំដែន និងសន្តិសុខ។

ទោះបីជាកម្ពុជាបានអនុវត្តតាមកិច្ចព្រមព្រៀសសន្តិភាពខ្លះៗ ដូចជា ដកយុទ្ធភ័ណ្ឌ និងចាប់ផ្តើមសម្អាតគ្រាប់មីនក៏ដោយ ថៃ នៅតែបញ្ជាក់ថា “ការដោះលែងនឹងមិនកើតមានឡើយ ប្រសិនបើមិនទាន់អនុវត្តលក្ខខណ្ឌទាំង ៤ ចំណុចនេះទេ”។


រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «ពួកគេមិនដែលបោះបង់ទាហានរបស់ខ្លួនទេ មិនថានៅក្នុងស្ថានភាពណាមួយក៏ដោយ។ ពួកគេបន្តប្រើគ្រប់មធ្យោបាយការទូត ច្បាប់អន្តរជាតិ និងមនុស្សធម៌ ដើម្បីធានាឲ្យមានការដោះលេងមកវិញដោយសុវត្ថិភាព និងឆាប់រហ័ស របស់ទាហានទាំង ១៨ នាក់»៕