2025-11-06 17:49
5

សេអ៊ូល៖   កូរ៉េខាងជើងបានរិះគន់ និងខឹងសម្បារ រដ្ឋាភិបាលបាលរបស់លោក ដូណាល់ ត្រាំ ចំពោះការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង ជាមួយគ្នានោះលោក គីម ជុងអ៊ុន បានព្រមានថានិងមានឆ្លើយតបវិញភ្លាមៗជាមួយសហរដ្ឋអាមេរិច។ នេះបើតាម រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី6 ខែវិច្ឆិកា ២០២៥ នេះ ។ 

ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនេះ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន០៨នាក់ និងអង្គភាពចំនួន២ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ ការលាងលុយកខ្វក់ ការឆបោកតាមអ៊ីនធឺណេត និងជាក្រុមពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋ” ដើម្បីធ្វើប្រតិបត្តិការខុសច្បាប់ ហើយការដាក់ទណ្ឌកម្មនេះ ក្នុងគោលបំណងកាត់ផ្តាច់ចលនាមូលនិធិសម្រាប់កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា៖  ឧក្រិដ្ឋជនតាមអ៊ីនធឺណិតរបស់ទីក្រុងព្យុងយ៉ាងបានលួចប្រាក់ជាង 3 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ក្រោមរូបភាពរូបិយប័ណ្ណគ្រីបតូ ដោយប្រើបច្ចេកទេសទំនើបដូចជាមេរោគ និងវិស្វកម្មសង្គម”។

លោក Kim Un Chol អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាមេរិក នៅក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសរិះគន់ នូវសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េជាផ្លូវការនៅថ្ងៃទី 6 ខែវិច្ឆិកានេះ ។

លោកបញ្ជាក់ថា ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មជាថ្មីលើប្រទេសកូរ៉េខាងជើង នេះជាលើកទី៥ហើយ ចាប់តាំងពីការចូលកាន់តំណែង ហើយសហរដ្ឋអាមេរិកចង់បង្ហាញពីឥទ្ធិពលអំណាចរបស់ខ្លួន លើប្រទេសកូរ៉េខាងជើងរហូតដល់ទីបញ្ចប់”។

លោក គីម ជុងអ៊ុន បានឆ្លើយតបដោយមិនខ្ចីខ្វល់ពីសហរដ្ឋអាមេរិចឡើយ ការដាក់ទណ្ឌកម្មនេះនឹងមិនប៉ះពាល់ដល់ដំណើរការគោលនយោបាយកូរ៉េខាងជើង ដើម្បីផលិតអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែវាជាការបរាជ័យ នៃគោលនយោបាយក្នុងការផ្សះផ្សារដើម្បីស្ដាទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិច ទៅវិញនោះទេ ។

មុននិងសហរដ្ឋអាមេរិចសម្រេចដាក់ទណ្ឌកម្មនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញនូវឆន្ទៈម្តងហើយម្តងទៀត ក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនូវអាស៊ី កាលពីសប្តាហ៍មុន ប៉ុន្តែលោក Kim Jong Un ហាក់បីដូចជាមិនឲ្យតម្លៃអាមេរិចបន្តិចសោះឡើយ ព្រោះមិនមានការឆ្លើយតបអ្វីទាំងអស់ពីទីក្រុងព្យុងយ៉ាង។

សូមរំលឹកថាក្នុងជំនួបរវាងមេដឹងប្រទេសទាំងពីរ លោក Trump និងលោក Kim Jong Un ធ្លាប់បានជួបគ្នាចំនួន០៣ដងរួចមកហើយ ក្នុងកិច្ចប្រជុំកំពូលដ៏លេចធ្លោក្នុងអំឡុងពេលនៃការកាន់ដំណែងដំបូងរបស់លោកត្រាំ ប៉ុន្តែការចរចាត្រូវបានបរាជ័យក្នុងកម្មវិធីផលិតអាវុធបរមាណូរបស់កូរ៉េខាងជើង ៕