ថៃ៖ មិនដឹងជាកម្មពារឬយ៉ាងណា ខណៈប្រទេសថៃកំពុងរងគ្រោះខ្លាំងដោយសារការវាយលុកដ៏ខ្លាំងក្លាពីគ្រោះមហន្តរាយទឹកជំនន់នោះ នៅថ្ងៃទី១៦ វិច្ឆិកា វេលាម៉ោង ៩:៣០ នាទីព្រឹកនេះ មានហេតុការណ៍ផ្ទុះរោងចក្រមួយនៅស្រុក Chaiyo ខេត្ត Ang Thong ប្រទេសថៃ។ យោងតាមរបាយការណ៍បឋមបង្ហាញថា មនុស្សជាច្រើននាក់បានរងរបួសដោយសារឧប្បត្តិហេតុនេះ។ នេះបើតាមការចេញផ្សាយដោយ Khaosod។
ក្រោយការផ្ទុះនេះ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តអាងថង បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរោងម៉ាស៊ីនកិនស្រូវ ដែលមានអគារចម្រោះប្រេងនៅទីនោះ។ ហើយគិតត្រឹមម៉ោង ១០ និង ២០ នាទីព្រឹកនេះ អគ្គិភ័យនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។
សូមជម្រាបឲ្យដឹងផងដែរថា ក្រោយដំណឹងដ៏រីករាយដែលប្រជាជនថៃទទួលបានថា ចិននឹងទិញអង្ករថៃចំនួន ៥០ម៉ឺនតោន មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែប្រទេសនេះ ជួបហេតុការណ៍ផ្ទុះរោងចក្រម៉ាស៊ីនកិនស្រូវដ៏ធំមួយភ្លាមតែម្ដង។
ហើយមិនត្រឹមតែករណីអគ្គិភ័យកើតឡើងប៉ុណ្ណោះទេ សូម្បីតែគ្រោះទុរ្ភិក្សទឹកជំនន់ដ៏ច្រើនលើសលប់ក៏កំពុងតែលេបត្របាក់ប្រទេសនេះបន្តិចម្ដងៗផងដែរ៕




