ភ្នំពេញ៖ ថ្លែងក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ "ខ្ញុំប្រឆាំងដាច់ខាតចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជា បើកព្រំដែនកម្ពុជា-ថៃ ព្រោះគេអ្នកបិទ យើងកុំទៅសុំបើក កុំទៅធ្វើថោក" ។
ការលើកឡើងខាងលើនេះរបស់សម្ដេចតេជោ ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជុំវិញការពហិការចំពោះទំនិញនាំចូលពីថៃវិញ ប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងចំពោះជនជ្រុលនិយមមួយចំនួនថា “អ្នកជំនួញប្រេង ឈប់នាំចូលពីថៃ ហើយនាំប្រេងពីវៀតណាម សិង្ហបុរី ម៉ាឡេស៊ីហើយ នៅតែមិនជួយទិញទៀត។ វាទៅជ្រុលហួសទៅវិញ។” នេះជាការបញ្ជាក់ពី សម្ដេច ហ៊ុន សែន។
សូមបញ្ជាក់ជាថ្មីថា មុនផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបង្ករឡើងដោយយោធាថៃ ប្រទេសនេះ បានប្រកាសទាំងគ្មានញញើតក្នុងការបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី។ អ្វីដែលគួរឲ្យអស់សំណើចនោះ គ្រាន់តែប្រកាសបិទព្រំដែនជាមួយកម្ពុជាមិនបានប៉ុន្មានផង ស្រាប់តែសេដ្ឋកិច្ចថៃមានអាត្រាធ្លាក់ចុះយ៉ាងគំហុក។
បន្ថែមពីនោះ សូម្បីតែប្រជាជនថៃក៏ផ្ទុះការតវ៉ា ដើម្បីឲ្យរដ្ឋាភិបាលពួកគេបើកច្រកព្រំដែនជាមួយកម្ពុជាវិញដែរ ទាំងដែលរដ្ឋាភិបាលថៃ ហាក់បង្ហាញពីភាពព្រងើយកន្តើយមិនខ្វល់ពីអាត្រាធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេសខ្លួននោះទេ៕




