2025-11-20 16:31
20

ភ្នំពេញ៖ នារសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Jean-Marie Cambacérès អតីតតំណាងរាស្រ្តបារាំង និងជាប្រធានសមាគម បារាំង-អាស៊ី ព្រមទាំងជាអ្នកនិពន្ធសៀវភៅអំពីព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដ៏ល្បីនៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កានេះ លោកប្រធានសមាគម បានជម្រាបជូនលោករដ្ឋមន្រ្តី ពីការចូលរួមរបស់សមាគមកន្លងមកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជនបារាំង ក៏ដូចជាវិនិយោគិនធំៗ ដែលជាសមាជិករបស់សមាគមក្នុងតំបន់អាស៊ី ឱ្យមកទស្សនា និងបោះទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ សុខសុវត្ថិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសយន្តការលើកទឹកចិត្តដ៏ទាក់ទាញ។
 
ទន្ទឹមនឹងនេះដែរ ប្រធានសមាគម ក៏បានលើកពីគំនិតផ្តួចផ្តើមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ក្នុងទស្សនាវដ្តីដ៏ធំ និងល្បី “L’Essentiel des Relations Internationales” ដែលមានអ្នកអានជាច្រើនជុំវិញពិភពលោក ពិសេសក្នុងប្រទេសនិយាយភាសាបារាំង ហើយបោះពុម្ពជាច្រើនម៉ឺនច្បាប់ក្នុងមួយលេខៗ។ កន្លងមកទស្សនាវដ្តីនេះ ត្រូវបានជ្រើសរើសដោយប្រទេសធំៗ ជាច្រើនដូចជាប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខ្លួន ដោយទទួលបានការចាប់អាម្មរណ៍ជាច្រើនជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ 

ក្នុងឱកាសនេះផងដែរ លោរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងគំនិតផ្តួចផ្តើមរបស់ លោកប្រធានសមាគម បារាំង-អាស៊ី ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍ឆ្ពោះទៅព្រឹត្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្តដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ៕