2025-12-11 14:55
10

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ បន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ មិនទាន់បញ្ឈប់នៅឡើយទេ  ក្នុងខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នេះបើតាមក្រសួងការពារជាតិ។

ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

ស្ថានភាពសមភូមិតាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនរបស់កម្ពុជា៖ 
០១. ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ក្នុងខេត្តពោធិ៍សាត់ ៖ 
- វេលាម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។
០២. នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ ៖ 
- ម៉ោង០៧:៥២នាទី យោធាថៃបាញ់ផ្លោងមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ។
០៣. នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ថៃចាប់ផ្តើមបាញ់ប្រហារនៅវេលាម៉ោង០៤:៤០នាទីនៅព្រឹក ដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា។
ទង្វើដ៏សាហាវរបស់ថៃបង្ហាញពីភាពអសីលធម៌ ពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។

គិតរហូតដល់ល្ងាចថ្ងៃទី១០ ខែធ្នូនេះ ជនស៊ីវិលកម្ពុជាបាត់បង់ជីវិត១០នាក់ (ក្នុ្ងងនោះមានទារក១នាក់ផងដែរ) រងរបួស៦០នាក់ សាលារៀនត្រូវបានបិទ  និងផ្ទះសម្បែងត្រូវបំផ្លាញស្ទើទាំងស្រុង រួមទាំងពលរដ្ឋរាប់ម៉ឺនអ្នកត្រូវបានជម្លៀស ក្រោមស្នាដៃយោធាថៃបាញ់ប្រហារ។ 

ថៃបានប្រព្រឹត្តនូវអំពើរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើន រួមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកតំបន់ស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី បណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់ និងរបួសក្នុងនោះរួមទាំងស្រ្តី កុមារ និងមនុស្សចាស់ជរា ។ 

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា ថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕