2025-12-20 10:47
7

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានករណីផ្ទុះគ្រាប់មីនតោន នៅភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គ្រោះថ្នាក់នេះកើតឡើងក្នុងពេលកសិករភ្ជួរដីចម្ការចេក បណ្តាលឲ្យអ្នកបើកបរត្រាក់ទ័ររងរបួសធ្ងន់ ដាច់ជើងម្ខាង និងត្រាក់ទ័រខូចខាតទាំងស្រុង។

លោក ហេង រតនា អគ្គនាយក «ស៊ីម៉ាក់» បានបញ្ជាក់នៅយប់នេះថា «វាជាសំណល់គ្រាប់មីនតោនពីសង្គ្រាមតាំងពីមុនឆ្នាំ១៩៩៨»។ អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា គ្រោះថ្នាក់នេះ ក៏សបញ្ជាក់ថា «សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានថ្មីនេះ នឹងបន្តគំរាមកំហែងសុខសុវត្ថិភាពជនស៊ីវិលក្នុងរយៈពេលវែងទៅមុខបន្ថែមទៀត»។

ករណីនេះ ជាការរំឭកថា ការសម្អាតមីននៅតំបន់ដែលមានប្រវត្តិសង្គ្រាម គឺជាការងារដែលត្រូវការការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងសហគមន៍អន្តរជាតិ។ កម្ពុជាបន្តអំពាវនាវឲ្យមានការគាំទ្រក្នុងការកំចាត់សំណល់មីន ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងធានាសុវត្ថិភាពក្នុងការអភិវឌ្ឍន៍ជីវភាព៕