អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ប្រទេសអ៊ីស្រាអែលអាចត្រូវនាំទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប្រសិនបើមិនលុបចោលច្បាប់ប្រឆាំង នឹងទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) និងមិនប្រគល់ទ្រព្យសម្បត្តិដែលបានរឹបអូសមកវិញ។
នៅក្នុងលិខិតចុះថ្ងៃទី៨ ខែមករា ដែលផ្ញើទៅកាន់លោក Benjamin Netanyahu លោក Antonio Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិមិនអាចមើលរំលង «សកម្មភាពដែលអ៊ីស្រាអែលបានអនុវត្ត រំលោភកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ» ហើយសន្និដ្ឋានថា សកម្មភាពទាំងនេះត្រូវតែកែតម្រូវជាបន្ទាន់។
សភាអ៊ីស្រាអែលបានអនុម័តច្បាប់នៅខែតុលា ២០២៤ ដែលហាមឃាត់មិនឲ្យ UNRWA បន្តប្រតិបត្តិការនៅក្នុងប្រទេស និងហាមមន្ត្រីអ៊ីស្រាអែលមិនឲ្យទាក់ទងជាមួយទីភ្នាក់ងារនេះ។ បន្ទាប់មកសភាបានអនុម័តវិសោធនកម្មបន្ថែម ដោយហាមឃាត់ការផ្គត់ផ្គង់អគ្គិសនី និងទឹកទៅកាន់ទីតាំងរបស់ UNRWA។
អាជ្ញាធរអ៊ីស្រាអែលបានរឹបអូសការិយាល័យ UNRWA នៅ East Jerusalem កាលពីខែមុន។ អង្គការសហប្រជាជាតិចាត់ទុកតំបន់នេះថា ស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលចាត់ទុក Jerusalem ទាំងមូលជាផ្នែកនៃអធិបតេយ្យភាពរបស់ខ្លួន។
លោក Antonio Guterres បានថ្លែងថា UNRWA គឺជា «ផ្នែកសំខាន់នៃអង្គការសហប្រជាជាតិ» ហើយអះអាងថា អ៊ីស្រាអែលនៅតែមានកាតព្វកិច្ចផ្តល់សិទ្ធិ និងអភ័យឯកសិទ្ធិដល់ UNRWA និងបុគ្គលិករបស់ខ្លួន ដូចបានកំណត់ក្នុងអនុសញ្ញាឆ្នាំ ១៩៤៦ ស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ។ អនុសញ្ញានេះបានចែងយ៉ាងច្បាស់ថា «បរិវេណរបស់អង្គការសហប្រជាជាតិ គឺមិនអាចត្រូវរំលោភបានឡើយ»។
ប៉ុន្តែលោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានបដិសេធលិខិតរបស់លោក Antonio Guterres ដែលផ្ញើទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin និងចំអកលើបណ្តាញ X ថា «យើងមិនភ័យខ្លាចចំពោះការគំរាមកំហែងរបស់អគ្គលេខាធិការនោះទេ»។ លោកថា អ្វីដែលសំខាន់គឺការចូលរួមដោះស្រាយ ក្នុងអំពើភេរវកម្មរបស់បុគ្គលិក UNRWA មិនមែនអគ្គលេខាធិការ ប្រើការគំរាមកំហែងប្រឆាំងអ៊ីស្រាអែល នេះមិនមែនជាការការពារច្បាប់អន្តរជាតិទេ ប៉ុន្តែជាការការពារអង្គការមួយដែលត្រូវបានបំផ្លាញដោយអំពើភេរវកម្ម។
អ៊ីស្រាអែលបានបង្ហាញជំហរជាយូរមកហើយក្នុងការទាមទាររំលាយ UNRWA ដែលបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមដែលពាក់ព័ន្ធនឹងការបង្កើតប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះ UNRWA បានផ្តល់ជំនួយមនុស្សធម៌ សុខាភិបាល និងការអប់រំ ដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ នៅតំបន់ហ្គាហ្សា តំបន់វេស្តប៊ែង ស៊ីរី លីបង់ និងហ្ស៊កដានី។
អ៊ីស្រាអែលបានចោទប្រកាន់ថា បុគ្គលិក UNRWA រាប់សិបនាក់ ចូលរួមក្នុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ២០២៣ លើភាគខាងត្បូងអ៊ីស្រាអែល។ ការវាយប្រហារនោះបានបណ្តាលឲ្យមនុស្ស ១,១៣៩ នាក់ស្លាប់ និងប្រហែល ២៤០ នាក់ត្រូវបានចាប់ជាឈ្លើយសឹក និងនាំទៅតំបន់ហ្គាហ្សា។
ឆ្លើយតបនឹងការវាយប្រហារនោះ អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនស្លាប់ជាង ៧១,៤០០ នាក់។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា បុគ្គលិក UNRWA ចំនួនប្រាំបួននាក់ ត្រូវបានសង្ស័យជាប់ពាក់ព័ន្ធនឹងក្នុងការវាយប្រហាររបស់ហាម៉ាស ត្រូវបានបណ្តេញចេញ និងសន្យាស៊ើបអង្កេត ប៉ុន្តែមិនទាន់ទទួលបានភស្តុតាងពីអ៊ីស្រាអែល។
យោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ចុះថ្ងៃទី ៥ ខែមករា សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់បុគ្គលិក UNRWA ចំនួន ៣៨២ នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអង្គការសហប្រជាជាតិតាំងពីឆ្នាំ ១៩៤៥ ។ មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខបានពិពណ៌នាថា UNRWA ថាជាឆ្អឹងខ្នងនៃការឆ្លើយតបជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សា ដែលកំពុងប្រឈមគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ។
នៅខែតុលា ឆ្នាំ ២០២៥ តុលាការពិភពលោក ICJ បានបញ្ជាក់ឡើងវិញពីកាតព្វកិច្ចរបស់អ៊ីស្រាអែលក្នុងការធានាសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ និង UNRWA រួមទាំងបុគ្គលិករបស់ខ្លួន ហើយអះអាងថា អ៊ីស្រាអែលគួរតែធានាថាតម្រូវការជាមូលដ្ឋានរបស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាត្រូវបានបំពេញ។ ការស្នើសុំនេះធ្វើឡើង ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (សមាជិក ១៩៣ រូប) ហើយមានទម្ងន់ផ្នែកច្បាប់ និងនយោបាយ ប៉ុន្តែមិនអាចអនុវត្តជាច្បាប់បានទេ។






