ថៃ៖ អាជ្ញាធរថៃ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways មួយគ្រឿង ដែលកំពុងធ្វើដំណើរជិតមកដល់គោលដៅ និងត្រៀមចុះចតនៅព្រលានយន្តហោះអន្តរជាតិភូកេត (Phuket) បានជួបប្រទះនឹងហេតុការណ៍ ខ្យល់កួចយ៉ាងខ្លាំង (Turbulence) បណ្តាលឱ្យអ្នកដំណើរជាច្រើនបានរងរបួស។
ក្រោយពេលកើតហេតុ បុគ្គលិកផ្នែកដីគោក និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានដាក់ឱ្យត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ជំនួយ និងសង្គ្រោះជាបន្ទាន់ដល់អ្នកដំណើរដែលរងផលប៉ះពាល់។ នេះបើយោងតាមចុះផ្សាយរបស់ សារព័ត៌មាន Phuket Express។
យោងតាមព័ត៌មានចុងក្រោយ ជើងហោះហើរដែលជួបហេតុការណ៍នេះ មានលេខ EY416 ដឹកអ្នកដំណើរប្រមាណ ១៣០ នាក់។ ទោះបីជាបានជួបការរង្គើខ្លាំងនៅលើអាកាសក្តី ប៉ុន្តែ យន្តហោះអាចចុះចតបានដោយសុវត្ថិភាព នៅវេលាម៉ោង ១១និង៥១នាទីព្រឹក នៅព្រលានយន្តហោះអន្តរជាតិភូកេត។
អាជ្ញាធរពាក់ព័ន្ធបានបន្តតាមដានសុខភាពអ្នកដំណើររងរបួស និងកំពុងស៊ើបអង្កេតលម្អិតអំពីមូលហេតុនៃហេតុការណ៍នេះ៕






