មនុស្សជាង ២,០០០ នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការបង្ក្រាបដោយហិង្សារបស់កងកម្លាំងសន្តិសុខ ទៅលើការតវ៉ារបស់ប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ដែលបានដកស្រង់ប្រភពពីមន្ត្រីនៃអង្គការសិទ្ធិមនុស្ស HRANA។
ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមាន បាតុករចំនួន ១,៨៥០ នាក់, បុគ្គលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ចំនួន ១៣៥ នាក់, ជនស៊ីវិលមិនពាក់ព័ន្ធ ចំនួន ០៩ នាក់ និងកុមារ ចំនួន ០៩ នាក់។ ករណីសម្លាប់ទាំងនេះបានកើតឡើងក្នុងរយៈពេល ១៧ ថ្ងៃចុងក្រោយនេះ។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា តួលេខអ្នកស្លាប់មានប្រមាណ ២,០០០ នាក់ ពិតប្រាកដ ប៉ុន្តែ មន្ត្រីរូបនេះ បានចោទប្រកាន់ថា «ក្រុមភេរវករ» ជាអ្នកបង្កហេតុ នៃអំពើហិង្សាទាំងនេះ។
ជុំវិញស្ថានការណ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចូលរួមកិច្ចប្រជុំមួយពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ នៅល្ងាចថ្ងៃអង្គារ បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក កំពុងព្យាយាមស្វែងរកតួលេខអ្នកស្លាប់ពិតប្រាកដ។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ការសម្លាប់នេះ ហាក់ដូចជាមានចំនួនច្រើនណាស់ ប៉ុន្តែ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ»។
គួរបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានសរសេរសារមួយនៅលើបណ្តាញសង្គម Truth Social របស់លោក ដោយព្រមានថា អាជ្ញាធរអ៊ីរ៉ង់នឹង «ត្រូវសងថ្លៃយ៉ាងធ្ងន់ធ្ងរ» ចំពោះការសម្លាប់អ្នកតវ៉ាទាំងនេះ ហើយលោកបានអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ បន្តការតវ៉ាទៀត។ លោកបានសរសេរបន្ថែមថា «ខ្ញុំបានលុបចោលរាល់ជំនួបជាមួយមន្ត្រីអ៊ីរ៉ង់ទាំងអស់ រហូតដល់ការសម្លាប់អ្នកតវ៉ាដោយគ្មានន័យនេះត្រូវបានបញ្ឈប់។ ការជួយសង្គ្រោះកំពុងធ្វើដំណើរទៅហើយ។ MIGA!!!»។
បន្ថែមពីនេះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងពិចារណាជម្រើសផ្សេងៗ រួមទាំងជម្រើសប្រើកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបនេះ បន្ទាប់ពីលោកបានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើប្រទេសណាដែលនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់រួចទៅហើយ៕






