2026-04-29 18:23
60

ភ្នំពេញ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាលោក បណ្ឌិត គិន ភា នៅថ្ងៃពុធនេះ បានសរសេរថា លោកទៅទីក្រុងប៉េកាំង និងបានជួបជាមួយមិត្តភក្តិបរទេសមួយចំនួន។ ពួកគេបានសាកសួរពីស្ថានភាពព្រំដែនខ្មែរ-ថៃ ហើយលោកក៏បានជម្រាបជូនពួកគេថា «ស្ថានភាពព្រំដែនខ្មែរ គឺមិនខុសអ្វីពីស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា (Gaza) នៃទឹកដីប៉ាឡេស្ទីននោះទេ»។ 

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានបន្ថែមថា «ពួកទាហានថៃមិនគោរពបទឈប់បាញ់ ហើយនៅតែបន្តបំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់យុទ្ធសាស្ត្រមិនខុសពីអ្វីដែលកងទ័ពអ៊ីស្រាអែលកំពុងអនុវត្តលើប្រជាជនប៉ាឡេស្ទីននិងលីបង់ឡើយ ថែមទាំងមានសកម្មភាពខ្លះសាហាវយង់ឃ្នងជាងនោះទៅទៀត»

បណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា «ថ្ងៃនេះ ចរិតព្រៃផ្សៃរបស់ពួកទាហានថៃបានបង្ហាញកាន់តែច្បាស់ ទោះបីជាស្ថិតនៅចំពោះមុខបណ្តាអនុព័ន្ធយោធាបរទេសក៏ដោយ។ ពួកទាហានថៃមិនដែលប្រាថ្នាចង់បានសន្តិភាពឡើយ គេចង់បានតែទឹកដីរបស់យើងតែប៉ុណ្ណោះ។ សូមបងប្អូនចងចាំទុកថា ទោះបីរាប់រយឆ្នាំទៅមុខទៀត ក៏មហិច្ឆតាឈ្លានពានរបស់គេនឹងមិនរលត់ឡើយ។ ប្រសិនបើយើងមិនខ្លាំង ឬមិនព្រមពង្រឹងខ្លួនឱ្យខ្លាំងទេ នោះគេនឹងលេបត្របាក់យកទឹកដីយើងរហូតអស់ ហើយនៅទីបំផុត យើងនឹងក្លាយជាជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួនឯង»

លោកបានប​ន្ថែមថា ហេតុនេះ សូមឱ្យជនជាតិខ្មែរយើងគ្រប់និន្នាការនយោបាយ រួបរួមគ្នា ដើម្បីធ្វើឱ្យជាតិយើងខ្លាំង ពោល គឺខ្លាំងទាំងផ្នែកយោធា សេដ្ឋកិច្ច នយោបាយ ការទូត និងព័ត៌មាន ជាពិសេស គឺត្រូវមានធនធានមនុស្សដែលខ្លាំង ច្បាប់ដែលរឹងមាំ និងយុត្តិធម៌ដែលពេញលេញពិតប្រាកដ៕