
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់ ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញដ៏ធំមួយ ដែលជាកន្លែងប្រមូលផ្តុំមនុស្សចម្រុះជាតិសាសន៍ជាច្រើន។
ប្រភពព័ត៌មានបឋមបញ្ជាក់ថា ក្នុងពេលប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ ដើម្បីគំរាម និងទប់ស្កាត់មិនឲ្យជនសង្ស័យរត់គេចខ្លួន ឬធ្វើការតដៃជាមួយសមត្ថកិច្ច។ ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួស ឬស្លាប់នៅឡើយទេ។

រហូតដល់ម៉ោងប្រហែល ៥ល្ងាច កម្លាំងសមត្ថកិច្ចនៅតែបន្តប្រតិបត្តិការឃាត់ខ្លួន បញ្ជូន និងដឹកជញ្ជូនជនសង្ស័យ ទាំងជនបរទេស និងជនជាតិខ្មែរ ព្រមទាំងរឹបអូសវត្ថុតាង និងបិទបង្កកទីតាំង ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ គឺជាការបន្តនៃយុទ្ធនាការបង្ក្រាបបណ្តាញឆបោកអនឡាញនៅក្រុងប៉ោយប៉ែត ដែលកាលពីថ្ងៃទី២២ និងទី២៥ ខែមេសា កន្លងទៅ កម្លាំងសមត្ថកិច្ចក៏បានឆ្មក់បង្ក្រាបទីតាំងធំៗជាច្រើនកន្លែង ដោយឃាត់ខ្លួនជនបរទេសជាង ៥,០០០នាក់ និងរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើន៕










