2026-04-29 18:53
7

ភ្នំពេញ៖ ក្រុមការងារគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ដែលរួមមានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការដៃគូ ធ្វើការល្បាតបាន ចំនួន ៨៤លើក និងបានបង្រ្កាបបទល្មើសធនធានធម្មជាតិ ចំនួន ២៧ ករណី ក្នុងនោះមានបទល្មើសព្រៃឈើ ចំនួន ១៧ករណី បទល្មើសសត្វព្រៃ ចំនួន ៨ ករណី និងបទល្មើសទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ២ ករណី ក្នុងខែមីនា ឆ្នាំ២០២៦។

ក្រុមការងារ បានចាត់វិធានការបំពេញកំណត់ហេតុអញ្ញាតជន ចំនួន ២៧ ករណី និងរឹបអូសវត្ថុតាងចាប់យក មករក្សាទុកជាបណ្ណោះអាសន្ន នៅតាមស្នាក់ការល្បាតរបស់ខេត្តនីមួយៗ ក្នុងនោះមានកាំភ្លើងកែច្នៃ ចំនួន ៧ ដើម អន្ទាក់ចំនួន ១៧៨ ខ្សែ រុះរើជំរុំតង់របស់ជនល្មើសបាន ចំនួន ១១ តង់ លែងសត្វជាប់អន្ទាក់ ចំនួន ១ ក្បាល ពន្លត់ភ្លើងឆេះព្រៃបាន ចំនួន ០,៣៨ ហិកតា និងបានឃ្លុំដីដែលបានកាប់រានទំហំ ១,៨៤ ហិកតា។

សូមបញ្ជាក់ថា ក្រុមការងារគម្រោងកម្មវិធីការពាររព្រៃឈើតំបន់ជួរភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តច្បាប់ និងបង្កើនសកម្មភាពល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ទៅបីជាមានការជួបបញ្ហាប្រឈមមួយចំនួន ដូចជាការលួចចូលកាត់ និងដឹកជញ្ជូនឈើទ្រង់ទ្រាយតូចៗ នៅតិចតួច ការលួចឆ្ការ ដុត រុករាន ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិពីជនខិលខូច និងការប្រើប្រាស់អាវុធកែច្នៃនៃជនល្មើសមានខ្លះទៀតនៅឡើយ៕