ភ្នំពេញ៖ សពសត្វដំរីញីមួយក្បាល ដែលបានស្លាប់ក្នុងអាយុ ៦៣ឆ្នាំ ត្រូវរៀបចំធ្វើបុណ្យសពតាមប្រពៃណីជនជាតិដើមភាគតិចព្នង នៅព្រឹកថ្ងៃទី២០ តុលា ឆ្នាំ២០២៣នេះ ដោយអង្គការ ELIE ដែលជាអង្គការមើលថែទាំ «ដំរីសំបូរ» កាលនៅមានជីវិត ស្ថិតភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដំរីញីឈ្មោះ «សំបូរ» បានស្លាប់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ក្នុងអាយុ ៦៣ឆ្នាំ បន្ទាប់ពីគេចាស់ជរា និងចូលនិវត្តន៍រយ់ពេលប្រមាណ ០៩ឆ្នាំ ឈប់ពីការបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិពីរមណីយដ្ឋាន «វត្តភ្នំ» ។
«សំបូរ» គឺជាសត្វដំរីញីបានចូលរួមចំណែកក្នុងការបម្រើសេវាកម្មជូនភ្គៀវទេសចរណ៍អស់រយៈពេលជាច្រើនឆ្នាំ មិនថាភ្ញៀវជាតិ ឬអន្តរជាតិទេសុទ្ធតែបានស្គាល់ និងល្បីល្បាញជាយូមកហើត។ សត្វដំរីនេះទៀតសោត ស្ថិតក្នុងគម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP)។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញផ្នែកថែរក្សាសត្វដំរី បានបញ្ជាក់ថា «សំបូរ» បានស្លាប់ដោយសារតែជំងឺធ្មេញឆីអាហារមិនសូវកើតរហូតសុខភាពចុះទ្រុឌទ្រោមចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងខ្លាំង លុះទ្រាំទ្រលេងបានគេក៏បានលាចាកលោកពីមិត្តភក្តិដែលធ្លាប់ស្គាល់ និងជិះកម្សាន្តទាំងក្តីអាឡេះអាល័យបំផុត។
សូមបញ្ជាក់ថា តាមប្រវត្តសត្វដំរីញីឈ្មោះ «សំបូរ» ពីមុនរស់នៅខេត្តមណ្ឌលគិរី ជាមួយម្ខាស់របស់គេឈ្មោះ ស៊ីន សន ហើយមានលោក អ៊ីម សុផល ជាហ្មដំរី បានមើលថែរក្សាជាង ២០ឆ្នាំកនក្លងមកហើយ។
ចំពោះការបាត់បង់ «ដំរីសំបូរ» គឺជាការបាត់បង់សត្វដ៏កម្រមួយដែលស្ទើរតែដាច់ពួជនៅកម្ពុជា ដែលមានចរិកស្លូតបូរធ្លាប់បម្រើលើវិស័យទេសចរណ៍ជូនភ្ញៀវជាតិ អន្តរជាតិបានជិះកម្សាន្ត ប្រឡែងលេងជាគេផងដែរ៕