2024-05-15 02:05
105

ព្រះសីហនុ៖ មុខសញ្ញាជនសង្ស័យប្រុស-ស្រី ចំនួន ៧១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាខាងលើ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះបង្ក្រាបទីតាំងចែកចាយ និងមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុច ក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ 

ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧១នាក់ និងចាប់ដកហូតវត្ថុតាងមួយចំនួន៖ ម្សៅក្រាម ពណ៌សថ្លា ចំនួន ៤៤កញ្ចប់ ទម្ងន់ស្មើនឹង ៣៤.៣៤ក្រាមទាំងសំបក, ខ្សែជក់ ០៣, ទូរសព្ទ ចំនួន ៣១គ្រឿង, ម៉ូតូ ចំនួន ២០គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបទល្មើសត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាត់ការបន្តនីតិវិធីច្បាប់៕