2024-11-01 04:11
3

ភ្នំពេញ៖ សំណុំរឿងអំពើឃាតកម្មរឹតកសម្លាប់ ព្រះចៅអធិការវត្តពុទ្រារាម ក្នុងស្រុកភ្នំស្រួច កាលពីកន្លងទៅថ្មីៗនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការបំបែកបានដោយឃាត់ខ្លួនជនដៃដល់ និងបក្ខពួក សរុបចំនួន ០៣នាក់ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ «សំណុំរឿងរឹតកសម្លាប់ព្រះសង្ឃនេះ ផ្តើមឡើងដោយសារភ្លើងប្រច័ណ្ឌ គឺបុរសជាប្តីកើតចិត្តប្រច័ណ្ឌសង្ស័យលើប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងស៊ីជម្រៅជាមួយព្រះសង្ឃរងគ្រោះ ទើបរៀបចំផែកធ្វើគត់តែម្តង»។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៤០នាទី មានករណីប្រទះឃើញសាកសព នៅក្នុងវត្តពុទ្រារាម ស្ថិតក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី បណ្តាលឲ្យព្រះសង្ឃមួយអង្គ មានព្រះនាម គាត សម្បត្តិ ហៅទូច ព្រះជន្ម ៤២ព្រះវស្សា សុគតនៅខាងមុខអាស្រម ក្នុងវត្តបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចំពោះឃាតករដៃបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ និងមិនដឹងចំនួន។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រហូតកំណត់បានអត្តសញ្ញាណ ជនសង្ស័យ និងអ្នកមានកាជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះ។

លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ ៤០ឆ្នាំ (ជនដៃដល់), ទី២៖ ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និង ទី៣៖ ឈ្មោះ លន់ ស្រីនាង អាយុ ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន៖ ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។

ផ្អែកតាមការបំភ្លឺរបស់ស្ត្រីចំណាស់មានឈ្មោះ ពោន ស្រិន ម្តាយក្មេករបស់ជនដៃដល់ បានឱ្យដឹងថា៖ ករណីឃាតកម្មបណ្តាលឲ្យព្រះសង្ឃព្រះនាម គាត សម្បត្តិ ហៅទូច សុគត គឺកូនប្រសាររបស់ខ្លួនឈ្មោះ មោគ ម៉េង ជាអ្នកធ្វើគតព្រះសង្ឃ មូលហេតុកើតឡើងពីការប្រច័ណ្ឌ។ ស្ត្រីរូបនេះបន្ដថា៖ បន្ទាប់ពីថ្ងៃធ្វើសកម្មភាពរួច កូនប្រសាររបស់ខ្លួនបានមកផ្ទះនៅខេត្តព្រៃវែង ដោយមុខមាត់មានសភាពស្លេកស្លាំង ដូចមិនបានដេក។ 

ស្ត្រីចំណាស់ដដែលបានបញ្ជាក់ថា៖ កាលពីពេលកន្លងមក ឈ្មោះ មោគ ម៉េង ជាកូនប្រសារបាននិយាយគំរាមទៅកាន់ប្រពន្ធ (កូនស្រីគាត់) ដែលមានឈ្មោះ ពោន ស្រីអូន ថា «បើថ្ងៃណាមួយអញឃើញច្បាស់ អញនឹងសម្លាប់ដាក់ចូលមេនបូជាទាំង២ហើយ»។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕