2025-02-01 12:14
13

កំពង់ស្ពឺ៖ ករណីភ្លើងឆេះព្រៃតាមជើងភ្នំម្រះព្រៅយ៉ាងខ្លាំង នៅក្បែរតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ «ម៉ុង ឫទ្ធី សែនជ័យ» បានធ្វើឱ្យមានក្តីបារម្ភបំផុត ខណៈពេលនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងមានវិធានពន្លត់ និងទប់ស្កាត់ករណីភ្លើងឆេះព្រៃភ្នំនេះ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ 

តាមសេចក្តីរាយការណ៍ នាយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ នេះ មានករណីភ្លើងឆេះព្រៃនៅតាមជើងភ្នំម្រះព្រៅជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំសែនដី ឃុំក្រាំងអំពិល ស្រុកសំរោងទង និងផ្នែកខ្លះទៀត ស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ ផងដែរ។ ក្រោយមានករណីភ្លើងឆេះព្រៃក្រុមរថយន្តពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាល ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កងរាជអាវុធហត្ថ និងក្រុមកម្មករ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចេញប្រតិបត្តិការ ដើម្បីស្វែងរកវិធីសាស្ត្រក្នុងការទប់ស្កាត់ភ្លើងឆេះ កុំឱ្យរីករាលដាលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

នៅយប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ម្ចាស់តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ «ម៉ុង ឫទ្ធី សែនជ័យ» បានសរសេរលើបណ្តាញសង្គមផ្លូវការរបស់លោកថា៖ «នៅវេលាម៉ោង ០៨និង២០នាទីយប់នេះ ភ្លើងឆាបឆេះព្រៃចុងខាងជើងភ្នំម្រះព្រៅ លើសពី១០ទីតាំងខុសៗគ្នា គួឱ្យុព្រួយបារម្ភខ្លាំងណាស់ ពីរនាក់យាយតានាំគ្នាជិះរថយន្តមើលតាមបណ្តោយជើងភ្នំ ចម្ងាយប្រមាណជា ជាង ១០ គីឡូម៉ែត្រ ពេលនេះបុគ្គលិក កម្មករ កំពង់តែនាំគ្នាយករថយន្តមកពន្លត់អគ្គីភ័យនេះយ៉ាងញាប់ដៃញាប់ជើងផងដែរ»

គិតត្រឹមព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះ មិនទាន់មានរបាយការណ៍មានគ្រោះថ្នាក់ ឬប៉ះពាល់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយសមត្ថកិច្ចកំពុងខិតខំប្រឹងប្រែងក្នុងការជួយពន្លត់យ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា ជារៀងរាល់ឆ្នាំនារដូវប្រាំងតំបន់ជួរភ្នំម្រះព្រៅ តែងតែកើតមានករណីភ្លើងឆេះព្រៃជាប្រចាំមូលហេតុមកពីអ្នករកឃ្មុំបោះកម្ទេចភ្លើងចោលមិនពន្លត់ឱ្យមានត្រឹមត្រូវ ករណីថ្មភ្នំរមាលធ្លាក់ប៉ះទង្គិចគ្នាបង្កើតជាផ្កាភ្លើងបង្កជាភ្លើងឆេះព្រៃ ឬមានអ្នកលួចដុតព្រៃជាដើម៕