នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្ដេចនាយក ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតមួយសន្លឹកដែលកំពុងស្ថិតក្នុងរថយន្តជាមួយរដ្ឋមន្ត្រីចំនួន ០៣ រូប នៅក្នុងបណ្ដាញសង្គមផ្លូវការ «TikTok» របស់សម្ដេចដោយបានសរសេរថា៖ «ខានបើករថយន្តយូរហើយ។ លើកនេះបានកាន់ចង្កូតដឹកឯកឧត្តមរដ្ឋមន្ត្រីបីក្រសួង (ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក) ចុះមើលការសាងសង់អាងស្ដុកទឹកស្ទឹងជីនិត និងការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាពលរដ្ឋ ក្រោយពីជួបជាមួយប្រជាកសិករសហគមន៍ស្វាយចន្ទីនៅខេត្តកំពង់ធំ»។
សូមជម្រាបថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះ សម្តេចតេជោធិបតី បានឆ្លៀតឱកាសក្រៅផ្លូវការ ជួបជាមួយបងប្អូនប្រជាកសិករនៅសហគមន៍កសិកម្មទំនើបស្វាយចន្ទី នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីបានស្តាប់ផ្ទាល់ពីបងប្អូនកសិករអំពីស្ថានភាពស្វាយចន្ទី និងអត្ថប្រយោជន៍ ឬបញ្ហាប្រឈមនានា នៃការចូលរួមជាមួយសហគមន៍កសិកម្មទំនើបដែលផ្តួចផ្តើម និងគាំទ្រដោយក្រសួងកសិកម្ម។ បន្ទាប់មកសម្តេចធិបតីបានបន្តចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាងទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទំនប់អាងទឹកនេះ មានសមត្ថភាពរក្សាទឹកបាន ៣៩ លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រប់ដំណាំ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះពិនិត្យការអន្តរាគមន៍របស់ ក្រសួងធនធានទឹក ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ។
សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងនាពេលកន្លងមក នាខេត្តសៀមរាបថា «ចាប់ពីឆ្នាំទី២នៃរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេច សម្ដេចនឹងចំណាយពេលវេលាដ៏ច្រើន ដើម្បីចុះពិនិត្យតាមមូលដ្ឋានតាមដានការអនុវត្តន៍គោលនយោបាយ ដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញមិនអង្គុយចាំតែមើលរបាយការណ៍របស់ថ្នាក់ក្រោមនោះទេ ហើយសម្ដេចចុះមូលដ្ឋានមិនបានប្រាប់មុនឡើយ ដូចនេះរដ្ឋមន្ត្រីដែលទទួលបន្ទុកនិយមួយត្រៀមខ្លួនឱ្យហើយ៕