2025-01-31 21:44
40

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សមាគមប្រជាជនសិង្ហបុរី គណៈប្រតិភូ ស.ស.យ.ក. នឹងទៅចូលរួមសារជាថ្មីម្តងទៀតក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីនាំយកសិល្បៈវប្បធម៌ដ៏សម្បូរបែប និងល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា បង្ហាញជូនដល់ភ្ញៀវអន្តរជាតិបានទស្សនា ក៏ដូចជាដើម្បីអបអរខួប លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី (១៩៦៥-២០២៥) ផងដែរ។

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៥ រួមជាមួយ លោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ និងបួងសួងសុំសេចក្តីសុខមុនការចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅអាគាដំបូលទូក ក្នុងបរិវេណពហុកីឡាដ្ឋានអូឡាំពិក។

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឱ្យដឹងថា៖ «ដោយមានការសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស.ស.យ.ក. នឹង ដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជាចូលរួមព្រឹត្តិការណ៍ ក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៥ ប្រទេសសិង្ហបុរី។ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំគណៈ ប្រតិភូកម្ពុជា ចំនួន ៥៣ រូប ក្នុងនោះរួមមាន លោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យដឹកនាំការសម្តែង សិល្បករ សិល្បការិនី និងក្រុមការងារសម្របសម្រួល»។ 

ក្បួនដង្ហែឈឹងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំជារាល់ឆ្នាំ ដោយសមាគមប្រជាជន នៃសាធារណរដ្ឋសិង្ហបុរី (People's Association)។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ និងមានការរំពឹងទុកអ្នកចូលរួម ជាង ១៥.០០០នាក់ រួមទាំងអ្នកសិល្បៈជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ នៃជាតិសាសន៍រៀងៗខ្លួន នៅក្នុង ក្បួនដង្ហែឈឹងហ្គេ ដែលជាការបង្ហាញសិល្បៈសហគមន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋសិង្ហបុរី។ 

កន្លងមក ស.ស.យ.ក. ធ្លាប់បានដឹកនាំប្រតិភូសិល្បករ សិល្បការិនី ទៅចូលរួមក្នុងក្បួនដង្ហែនេះ ចំនួន ០៣ លើករួចមកហើយ ដោយឡែកនៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ក្បួនដង្ហែឈឹងហ្គោ២០២៥ នឹងប្រារព្ធឡើង ក្រោមប្រធានបទ «JOY»។ កម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈ ក្រោមចំណងជើងថា «ជីវិត» ដែលរួមផ្សំ ការសម្តែងដោយរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្ត្រីបុរាណទំនើប ដែលបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃ មហាគ្រួសារខ្មែរ៕