ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនៈ ស្តីពី «ការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចក្រភពអង់គ្លេស លើវិស័យជាច្រើន»។
ផ្លាស់ប្តូរទស្សនៈរវាងកម្ពុជា និងអង់គ្លេស ធ្វើឡើក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត Williams មានសេចក្តីសោមនស្ស រីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងជោគជ័យនៃកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីលើកទី២ នៅទីក្រុងឡុងដ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានជំរុញឱ្យមានការផ្លាស់ប្តូរកម្រិតខ្ពស់។ ឯកឧត្តម ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសមភាគីអង់គ្លេសនាពេលខាងមុខ។
លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការរៀបចំប្រកបដោយជោគជ័យ នៃវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា (JTIF) នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ហើយបានទទួលស្គាល់ពីសារៈសំខាន់នៃការរួមបញ្ចូលកម្ពុជា នៅក្នុងគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) សម្រាប់កំណើនសេដ្ឋកិច្ច។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស រួមទាំង ការសម្រេចបន្តអត្ថប្រយោជន៍ដល់កម្ពុជា ក្រោមគម្រោង DCTS សម្រាប់រយៈពេលបីឆ្នាំបន្ថែមរហូត ដល់ឆ្នាំ២០៣២ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេស LDC ដើម្បីជួយធានាឱ្យផ្លាស់ប្តូសេដ្ឋកិច្ចដោយរលូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មតាមរយៈការវិនិយោគរបស់អង់គ្លេស រួមទាំងការអភិវឌ្ឍតំបន់សេដ្ឋពិសេសបៃតងដំបូងរបស់កម្ពុជា និងគម្រោងនានាដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster+Partners។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់ការវិនិយោគរបស់អង់គ្លេសបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា និងបានឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។
ចំពោះលើវិស័យការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការនេះ ដែលបង្ហាញឡើងតាមរយៈ ទស្សនកិច្ចនៃនាវា Royal Navy របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៣ និង២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកចក្រភពអង់គ្លេសនា ពេលខាងមុខ និងបានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានផ្តល់ការបណ្តុះបណ្តាល ដល់មន្ត្រីកម្ពុជា និងបានស្នើសុំឱ្យមានការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា។
ដោយឡែក លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការគាំទ្រដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យ អប់រំ ការថែទាំសុខភាព និងការដោះមីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបើកសាកលវិទ្យាល័យអង់គ្លេសដំបូងគេ (សាកលវិទ្យាល័យ ដី ម៉ុងហួត) នៅកម្ពុជា និងបានអំពាវនាវឱ្យ មានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត Williams ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួមផងដែរ៕