2025-01-31 23:23
38

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅថា CMAC បានប្រកាសអំពីការផ្អាក់ជាបណ្តោះអាសន្ននូវកិច្ចប្រតិបត្តិការដោះមីន នៅគោលដៅខេត្តចំនួន៨ រយៈពេល ៨៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ តទៅ រហូតមានការជូនដំណឹងសារជាថ្មី ក្រោយពីរដ្ឋាភិបាលថ្មីអាមេរិក ដឹកនាំដោយលោក ដូណា ត្រាំ សម្រេចផ្អាកផ្តល់ជំនួយ។

លោក ហេង រតនា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកថា៖ «ខ្ញុំក្នុងនាមអង្គភាពស៊ីម៉ាក់​ មានសេចក្តីសោកស្តាយសូមជូនដំណឹងដល់​អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាន នៃខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ មេត្តាជ្រាបថា​ កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលើនេះ​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃ គិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ ​ 

អគ្គនាយកអង្គភាព CMAC បានអះអាងអំពីមូលហេត នៃការផ្អាកប្រតិបត្តិការនេះថា៖ «អង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ​ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ​ទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក​ ក្នុងនោះ ក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ»។ 

លោក ហេង រតនា បានបញ្ជាក់ថា៖ «​ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ និងដៃគូអភិវឌ្ឍន៍ បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ​ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិក ផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការ ជាមួយអង្គភាពស៊ីម៉ាក់​នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ជាសំណល់សង្គ្រាមនៅកម្ពុជា»

អគ្គនាយក CMAC បានសូមរំឭកថា៖​ ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជូនអង្គភាពស៊ីម៉ាក់ តាមរយៈអង្គការដៃគូក្នុង​រយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកា សរុបចំនួន ៦.៣៥៥.៧២០ ដុល្លារ​អាមេរិក​ គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត ២០០នាក់។ បើគិតក្នុងរយ:ពេលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២២​ ដល់ចុងខែមករា​ ឆ្នាំ២០២៥ នេះ​ អង្គភាពស៊ីម៉ាក់ទិសខេត្តខាងលើបានធ្វើការបោសសម្អាតចម្កាគ្រាប់ សរុបចំនួន ៥៦១ ពហុកោណ មានទំហំផ្ទៃដី ចំនួន ១១.១៩៥ ហិកតា​ រុករកឃើញកម្ទេកចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ចំនួន ២៧.០២២ គ្រាប់​ ក្នុងនេះមានគ្រាប់បែកចង្កោម ចំនួន ១៧.៩៧១ គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ ចំនួន ៦៩គ្រាប់។ 

ក្នុងពេលវេលានេះ​ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរ និងប្រជាពលពលរដ្ឋ​ ក្នុងការប្រឈមបញ្ហាគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម​ សូមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃខេត្តទាំងអស់ខាងលើ​ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មាន ជាង ១.០០០ នាក់ ​របស់អង្គភាពស៊ីម៉ាក់ និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋាន​របស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់​អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម​សំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណើចាំបាច់៕