ភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបានលើកឡើងថា៖ «ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះ អាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ»។
សម្តេចតេជោ បានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ គឺជាថ្ងៃទី៣ ហើយជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤។
រយៈពេល២ថ្ងៃ នៃព្រះរាជពិធីនេះ មានកីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំងការដើរទិញទំនិញតាមស្តង់តាំងពិព័រណ៌ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះ អាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។
សូមជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និងសុខសុវត្ថិភាព ក្នុងការវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ»៕