ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំបី និងអាជ្ញាធរស្រុក ឃុំ គ្រប់លំដាប់ថ្នាក់។
មានប្រសាសន៍បើកក្នុងពិធីនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងមានគោលបំណង បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖
១.ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាននិង បញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៤
២.ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៥
៣.ផ្តល់ឱកាសដល់ប្រជាពលរដ្ឋទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា
៤.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សានិងឆ្លើយតប ។ ដែលជាលទ្ធផលរំពឹងទុកនោះមាន៖
១.ប្រជាពលរដ្ឋទទួលបានព័ត៌មានទាំងឡាយដែលក្រុមប្រឹក្សាសម្រេចបាន ក្នុងឆ្នាំកន្លងមក
២.ប្រជាពលរដ្ឋបានបញ្ចេញមតិ និងយល់ដឹងអំពីសកម្មភាពអភិវឌ្ឍរបស់រដ្ឋបាលខេត្តនាឆ្នាំបន្ទាប់
៣.ប្រជាពលរដ្ឋទទួលបាននូវការឆ្លើយតបសកម្មភាពជាអាទិភាព និងការផ្តល់សេវាសង្គមប្រកបដោយសមធម៌
៤.ព័ត៌មានអំពីសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សា ត្រូវបានផ្សព្វផ្សាយទូលំទូលាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្នុងនោះក្រុមប្រឹក្សាឃុំបានពាំនាំនូវសំណូមពរ និងបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋលើកឡើងនៅក្នុងអង្គវេទិកាមានចំនួន ១៥ សំនួរ ដោយដោះស្រាយនៅនឹងកន្លែងបានចំនួន១៣ និងបន្តរជម្រុញដោះស្រាយនៅបញ្ហា សំណូមពរ ដែលនៅសេះសល់មួយចំនួនទៀតនៅថ្នាក់ក្រសួង។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ការធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ ២០២៤ នេះ បានប្រព្រឹតទៅដោយរលូន និងបានធ្វើការដោះស្រាយបញ្ហា សំណូមពរដែលបានលើកឡើងនៅក្នុងអង្គវេទិកានេះ បានមួយចំនួននិងបន្តដោះស្រាយបញ្ហាមួយចំនួនទៀត។
ដើម្បីធ្វើយ៉ាងណារកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕