ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវបានពស់ស្រការចាស់ចឹកនិងខាំរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនមកសង្រ្គោះនៅមណ្ឌលសុខភាពភ្នំស្ពង់ ដោយសារពិសពស់ប្រភេទនេះខ្លាំងពេកទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព។
ហេតុការខាងលើនេះកើតឡើងនៅវេលាម៉ោង ១១ និង២៥ នាទី ថ្ងៃទី១៦ ខែ ឆ្នូ ឆ្នាំ ២០២៤នេះ នៅចំណុចភ្នំកេះ ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ប្លិញ ទាវ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ/ឃុំ ខាងលើ។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុនៅព្រឹក ថ្ងៃ១៦ ខែឆ្នូ ឆ្នាំ២០២៤ ជនរងគ្រោះ បានទៅកាច់ពោតនៅឯចម្ការពោតស្ថិតចំណុចចំការភ្នំកេះ លុះដល់កាច់បានបន្តិចក៏ត្រូវបានពស់ស្រកាចាស់ចឹកនិងខាំចំស្មងជើងខាងឆ្វេងបណ្តាលអោយចុកស្រែកហៅគេឯងជួយនិងសន្លប់បាត់ស្មារតី ភ្លាមនោះបងប្អូនបានប្រញាប់ប្រញាល់ បញ្ជូនទៅកាន់មណ្ឌលសុខភាពភ្នំស្ពង់ដែរ តែជាអកុសល់ពេលទៅដល់គ្រូពេទ្យបានពិនិត្យមើលថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីពិនិត្យរួចក្រុមគ្រួសារបានយកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅភូមិ/ឃុំ ខាងលើ។
ជាមួយគ្នានេះដែរ គ្រូពេទ្យនិងអ្នកមានបទពិសោធន៍បានណែនាំដល់បងប្អូនអោយមានការប្រុងប្រយ័ត្នពេលចុះចូលក្នុងស្រែចម្ការត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះប៉ុន្មានខែនេះសំបូរអ្នកពស់ចឹកនិងក្អែមខាំ តែសង្គ្រោះទាន់ពេលវេលាទើបតែករណីនេះទេដែលបណ្តាលអោយស្លាប់ព្រោះបញ្ជូនមកមណ្ឌលសុខភាពយឺតពេលពិសជ្រាបចូលពេញបេះដូងទៅហើយ៕ ដោយ,ស សារឿន