2024-12-26 19:40
13

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទីអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម ប្រុស-ស្រី សរុបចំនួន ២១ នាក់ (ស្រី៨នាក់) ចេញពីទឹកដីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀត។

យោងតាអគ្គនាយកអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ នេះថា «ជនជាតិវៀតណាម សរុបចំនួន ២១នាក់ រួមមានស្រី ចំនួន ០៨នាក់ និងប្រុស ចំនួន ១៣ នាក់ មានជាប់ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។ ជនជាតិវៀតណាមទាំងអស់ ត្រូវបានបណ្ដេញចេញពីក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង»

ករណីនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕