2024-12-30 11:42
158

តារាស្រីចិនដីគោកដ៏ពេញនិយម Zhao Lusi កាលពីថ្ងៃសុក្រ ទី១២ ធ្នូ ត្រូវបានគេប្រទះឃើញរូបភាពរបស់នាង បានបញ្ជូនទៅមន្ទីរពេទ្យ ដោយដួលនៅលើកៅអីរុញត្រូវបានលាតត្រដាងនៅលើអ៊ីនធឺណិតយ៉ាងព្រោងព្រាត។ 

ក្នុងនោះត្រូវបានគេរាយការណ៍ផងដែរថា Zhao Lusi បានបញ្ជូនទៅមន្ទីរពេទ្យដែលសង្ស័យថាទទួលរងពី "ជំងឺសរសៃប្រសាទ" ដែលជាការជំរុញឱ្យមានការព្រួយបារម្ភរបស់អ្នកគាំទ្រនិងការពិភាក្សាក្នុងចំណោមអ្នកលេងអ៊ីនធឺណិតយ៉ាងកក្រើកផងដែរ។ 

បន្ទាប់ពីមានការចែកចាយពីរូបភាពរបស់នាងដូចខាងលើនេះហើយ ក្រុមការងាររបស់ Zhao Lusi នៅមិនទាន់បានពន្យល់ពីមូលហេតុនៃជម្ងឺរបស់នាងនៅឡើយទេ ប៉ុន្តែមិត្តភ័ក្តិរបស់នាងបានលាតត្រដាងនៅល្ងាចថ្ងៃសៅរ៍ ទី ២៧ ធ្នូ ថា Zhao Lusi បច្ចុប្បន្នគឺ "នាងមានសុវត្ថិភាព" នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ VOCO News ។

យោងតាមរបាយការណ៍មុន Zhao Lusi ត្រូវបានគេបញ្ជាក់ថាមានអារម្មណ៍មិនស្រួលខ្លួននៅថ្ងៃទី ១៨ នៃខែធ្នូ នេះ។ 

បើតាមសេចក្តីថ្លែងការណ៍របស់ kornerA ត្រូវបានចេញផ្សាយនៅថ្ងៃទី ២៧ ធ្នូ ដោយបាននិយាយថា Zhao Lusi ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយក៏បានប្រកាសដែរថា ការងារទាំងអស់របស់នាងនឹងត្រូវផ្អាក ក្នុងនោះ kornerA ក៏បានបញ្ជាក់បន្ថែមពាក់ព័ន្ធជាមួយនឹងស្ថានភាពជំងឺរបស់តារាស្រីដ៏ពេញនិយមរូបនេះថា បច្ចុប្បន្ននាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ 

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់នាងនៅមិនទាន់បានធ្វើការពន្យល់ពីមូលហេតុជាក់លាក់ និងស្ថានភាពនៃជំងឺរបស់ Zhao Lusi ច្បាស់លាស់នៅឡើយទេនៅពេលនេះ។

អ្នកដែលដឹងពីបញ្ហានេះបានបង្ហាញថា Zhao Lusi អាចនឹងមានជំងឺប្រព័ន្ធប្រសាទដែលធ្លាប់ធ្វើឱ្យនាងមិនអាចនិយាយ និងដើរបានដោយខ្លួនឯងនោះទេ។

យោងតាមការបង្ហោះដោយមិត្តរបស់ Zhao Lusi ដែលមានឈ្មោះថា "Wei Xiao" នៅលើបណ្ដាញសង្គមចិន កាលពីថ្ងៃទី២៨ ធ្នូ នេះថា Zhao Lusi បានធ្លាក់ខ្លួនឈឺតាំងពីថ្ងៃទី១១ ធ្នូ អំឡុងពេលដែលនាងចាប់ផ្ដើមថតរឿងថ្មីរបស់នាង។ 

នាងក៏បានបន្តថា ពេលនេះ Lusi  កំពុងទទួលបានសមត្ថភាពនិយាយឡើងវិញជាបណ្ដើរៗហើយ ហើយពេលនេះនាងចាប់ផ្ដើមក្រោកឈរឡើងដើម្បីស្ដារនិតិសម្បទាផងដែរ។

Wei Xiao បានបន្ថែមថា Zhao Lusi ពីមុនត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យតាមការណែនាំរបស់វេជ្ជបណ្ឌិត ហើយអាចនឹងមានការកែសម្រួលបន្ថែមទៀតក្នុងរយៈពេលពីរថ្ងៃបន្ទាប់ ដែលនេះហាក់ដូចជាសារមួយដែលបញ្ជាក់ថា Zhao Lusi នឹងត្រូវចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ។ 

គួរបញ្ជាក់ផងដែរថា Zhao Lusi គឺជាតារាសម្ដែងចិនដ៏ល្បីល្បាញម្នាក់នៅក្នុងចំណោមតារាសម្ដែងចិនដ៏លេចធ្លោជាច្រើនរូប ហើយនាងក៏ត្រូវបានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាច្រើនទទួលស្គាល់ដែរថា ក្រៅពីការសម្ដែងនាងក៏មានសមត្ថភាពផ្សេងទៀតដូចជា ច្រៀង និងលេងពិណជាដើម។ 

ហើយក្រោយពីមានការបែកធ្លាយពាក់ព័ន្ធជាមួយរូបភាព និងវីដេអូពាក់ព័ន្ធជាមួយនឹងជម្ងឺរបស់នាងរួចហើយនោះ មានអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការព្រួយបារម្ភ និងជូនពរឲ្យស្ថានភាពរបស់នាងឆាប់ធូរស្រាលនឹងបានត្រឡប់មកកាន់វិថីសិល្បៈវិញឆាប់ៗផងដែរ។