2025-01-02 13:32
113

ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរជួរមុខ រហស្សនាម «ពូថៅដៃពិឃាត» ធឿន ធារ៉ា ត្រូវបានអវត្តមានសម្រាប់ការប្រកួតដ៏ធំមួយក្នុងព្រឹត្តិការណ៍ «រាជសីហ៍គុនខ្មែរ-KUN KHMER TOURNAMENT» នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ដ៏ល្បីល្បាញមួយនៅកម្ពុជា ដើម្បីអមអរសាទរខួបថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៥ ដោយសារបញ្ហារបួសជើងឆ្វេងអំឡុងពេលចូលរួមប្រកួតបាល់ទាត់មិត្តភាព ដើម្បីភាពមនុស្សធម៌ កាលពីពេលកន្លងទៅថ្មីៗនេះ។

ការដកឈ្មោះកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា អ្នកលេងពូថៅពីឃាត ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំ និងកក្រើកក្នុងពិភពគុនខ្មែរ សម្រាប់ដើមឆ្នាំ២០២៥ នេះ បានធ្វើឱ្យមហាជនជាអ្នកគាំទ្រកីឡាគុនខ្មែរអាក់អន់ស្រពន់ចិត្តសំដែងការសោកស្តាយ ជាពិសេសបានធ្វើអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះដែលចំណាយលុយរាប់សែនដុល្លារអស់សង្ឃឹមយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានជាច្រើន ដែលបង្ហោះចែកចាយលើបណ្តាញសង្គម បានឱ្យដឹងថា៖ «មូលហេតុដែលនាំឱ្យអ្នកលេងពូថៅពិឃាត ធឿន ធារ៉ា មិនអាចចូលរួមប្រកួត 4 Man Tournament នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ «រាជសីហ៍គុនខ្មែរ-KUN KHMER TOURNAMENT» ដែលរៀបចំដោយស្ថានីយ៍ទស្សន៍ Town ដោយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កីឡាករ ធឿន ធារ៉ា បានចូលរួមប្រគួតបាល់ទាត់មិត្តភាពរវាង ក្រុមផ្ការីកគ្រប់រដូវ Vs អ.ម.ត ខេត្តកំពត នៅក្នុងអំឡុងពេលប្រកួតនោះ ធឿន ធារ៉ា បានរងការប៉ះទង្គិចដួលបណ្តាលឲ្យមានរបួសជើងខាងស្តាំ»

សូមជម្រាបថា កីឡាករលំដាប់ជួរមុខ រហស្សនាម «អ្នកលេងពូថៅពិឃាត ធឿន ធារ៉ា» បានចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមផ្ការីកគ្រប់រដូវ Vs អ.ម.ត ខេត្តកំពត ដែលផ្តួចផ្តើមឡើងដោយតារាកំប្លែង នាយពាក់មី ដើម្បីការងារមនុស្សធម៌ ប៉ុន្តែអំឡុងពេលប្រកួត ធារ៉ា ប៉ះគ្នាបណ្តាលឱ្យដួលជាច្រើនត្រឡប់ធ្វើឱ្យរងរបួសជើងខាងស្តាំមិនអាចបន្តការប្រកួតបានបន្តទៀត។ ដោយសារមូលហេតុនេះហើយទើប ធឿន ធារ៉ា ត្រូវបានដកឈ្មោះចេញពីការប្រកួត «រាជសីហ៍គុនខ្មែរ» ទើបធ្វើឱ្យអ្នកគាំទ្ររិះគន់ និងអត់ចិត្តយ៉ាងខ្លាំង និងអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំដើមឆ្នាំ២០២៥ ដែលគិតរាប់ខែចត់បាយ ជាពិសេសម្ចាស់ស្ពនស័រ ដែលចំណាយលុយចូលសែនដុល្លារខកបំណងបំផុត។ 

សម្រាប់ការប្រកួតព្រឹត្តិការណព៍ «រាជសីហ៍គុនខ្មែរ-KUN KHMER TOURNAMENT» របស់ស្ថានីយ៍ទូរទស្សន៍ថោន ដើម្បីអបអរសាទរខួបទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៥ នេះ ថ្នាក់ដឹកនាំកំពូលៗក៏រងចាំទន្ទឹងចូលរួមទស្សនាការនេះផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កីឡាករ ធឿន ធារ៉ាំ គណនីឈ្មោះ «ធឿន ធារ៉ា-Thoeun Theara Official» បានសរសរបង្ហោះយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខានមិនបានប្រគួតសម្រាប់ថ្ងៃ ៧មករា ខាងមុខនេះ ខ្ញុំបាទគ្មានពាក្យអីនិយាយកែរខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រម៉ាតមិនចេះប្រុងប្រយ័ត្ន»

អ្នកលេងពូថៅពិឃាត ធឿន ធារ៉ា ក៏បានសរសេរ សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ទូទាំងប្រទេស សុំទោសសម្ដេចតេជោ ហ៊ុន សែន សុំទោសមេធំ សុំទោសអ្នករៀបចំកម្មវិធី និងសុំពេលសំរាកព្យាបាលរបួសមួយរយះបន្ទាប់ពីព្យាបាលរបួសជាសះស្បើយ ធឿន ធារ៉ា  បានសន្យាមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងទៀតឡើយ។

សូមបញ្ជាក់ថា ការប្រកួត 4 Men Marathon ក្នុងព្រឹត្តិការ «រាជសីហ៍គុនខ្មែរ-KUN KHMER TOURNAMENT» ដែលចូលរួមប្រកួតដោយកីឡាករ លំដាប់ជួរមុខជាតិ និងអន្តរជាតិ ក្នុងនោះអ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា និងប៉ះជាមួយកីឡាករមកពីប្រេស៊ីល បារាំង និងប្រទេសថៃ។ ក្រៅពីនោះ ក៏មានកីឡាករគុនខ្មែរជួរមុខកម្ពុជា សែន ចន្ទឫទ្ធីគុន, ម៉ឺន មេឃា រួមជាមួយបេក្ខភាពខ្សែក្រវាត់ រាជសីហ៍គុនខ្មែរ នឹងចាប់ដៃគ្នាស្វាគមន៍ជើងខ្លាំង មកពីបណ្តាប្រទេសផ្សេងៗ ដើម្បីអបអរថ្ងៃជ័យជម្នះ ៧មករា នោះផងដែរ៕