2025-02-04 13:35
8

ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស រួមជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ”ស.វ.ស” បានទទួលស្វាគមន៍ និងជួបប្រជុំជាមួយលោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណ:កម្មការទី៨ នៃរដ្ឋសភាផងដែរ។ 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជា សមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស ឯក ឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សា ក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.ស ។

នៅក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានគោរពជម្រាបជូនលោកជំទាវ ឡោក ខេង  អំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យលើការងារសិក្សាធិការ, ការសិក្សាស្រាវជ្រាវ, ការផ្តល់សេវា, ការងារសង្គម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ, ការទទួលស្គាល់គុណភាពថ្នាក់ជាតិ និងអន្តរជាតិ, ទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗរបស់សាកលវិទ្យាល័យ។

ទន្ទឹមនិងនោះលោកជំទាវ ឡោក ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់នូវវឌ្ឍនភាព ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវានៅ ស.វ.ស ជាពិសេសភាពលេចធ្លោនៃការទទួលស្គាល់គុណភាពបណ្តុះបណ្តាលនៅ ស.វ.ស ទាំងកម្រិតជាតិ និងអន្តរជាតិ។ 

បន្ថែមនេះ សមាជិក គណៈកម្មការទី៨ នៃរដ្ឋសភាបានថ្លែងអំណរគុណចំពោះការចូលរួមរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋតាមបណ្តាខេត្តនានា និងការចូលរួមសកម្មភាពសង្គមផងដែរ។ 
                  
ឆ្លៀតនៅក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភានិងថ្នាក់ដឹកនាំនៃស.វ.ស ក៏បានអញ្ជើញទស្សនកិច្ចដោយផ្ទាល់នៅមន្ទីរពិសោធន៍បង្ហាញ ត្រាប់មហាវិទ្យាល័យវេជ្ជសាស្រ្ត, បន្ទប់ប្រឡងកុំព្យូទ័រ, គ្លីនិកទន្តវទសាស្រ្ត, បណ្ណាល័យ, មន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកវិទ្យាឱសថរបស់ស.វ.ស ផងដែរ ៕