នៅទីស្តីការក្រសួងធនធានទឹកនិងឧតុនិយម នារសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចអន្តរាគមន៍ទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២៥ ដែលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏ មានការអញ្ជើញចូលរួមដោយផ្ទាល់និងតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរិន ពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយកនិងលោក លោកស្រី អគ្គាធិការរង អគ្គនាយករង និងប្រធានមនី្ទរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ផងដែរ ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍លើកឡើងថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងព្រមទាំងបានណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា កន្លងមកនេះក្នុងកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានចុះធ្វើអន្តរាគមន៍នៅតាមទីតាំង នានាទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំបន្ទាន់ថ្ងៃនេះ គឺដើម្បីឱ្យមន្ទីរ និងក្រុមការងារទាំងអស់ ជាពិសេសប្រធានសម្របសម្រួលការងារធនធានទឹក និងឧតុនិយមរាជធានី-ខេត្តបន្តបង្កើន កិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការចុះអន្តរាគមន៍ទឹក ហើយធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាលើរបាយការណ៍តួលេខរួមតែមួយដើម្បីធ្វើការផ្សព្វផ្សាយនិងធ្វើការបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់រវាង ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចុះអន្តរាគមន៍ទឹកឱ្យបានសកម្មនិងផុលផុសផងដែរ ៕