គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែ មករា ឆ្នាំ២០២៥ កន្លងទៅ ។
តាមរយៈការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះគ្រឹះស្ថានអង្គររំពឹងថា នឹងទទួលបានកំណើនទេសចរ និងចំណូលកើនឡើង។
គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងខែមករាមានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារកើន២៥,៥៦ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរ ចំនួន ១៧ ៥៤០ ដុល្លារពីទេសចរបរទេស ៦៨៩នាក់។
ដោយឡែក ការលក់សំបុត្រទូកនាខែមករា ទទួលបានចំណូលចំនួន១២០ ៧១៧ដុល្លារ ។
រីឯចំណូលពីការលក់សំបុត្រភ្នំក្បាលស្ពានចំនួន ៦៤០ដុល្លារពីទេសចរ១២៨នាក់។ក្នុងខែមករា នេះដែរ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាមានចំនួន ២៩២ ២៨០ ដុល្លារ។
កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះដែរ រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការនូវការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។តាមរយៈទម្រង់ថ្មីនេះ ជាវិធីសាស្រ្តងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរតាមរយៈប្រព័ន្ធកម្មវិធីទូរស័ព្ទដៃ AE Mobile និងគេហទំព័រ Angkor Enterprise® ។
មានការរំពឹងថា តាមរយៈការកែទម្រង់ប្រព័ន្ធលក់សំបុត្រនេះ រមណីយដ្ឋានអង្គរនឹងទទួលបានកំណើនទេសចរនិងចំណូលបន្ថែមទៀត។
គួររំលឹកថា ឆ្នាំ២០២៤កន្លងទៅ គ្រឹះស្ថានអង្គរលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងប្រាក់ចំណូលចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ។
តួលេខនេះ បង្ហាញថា ភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៨,៥៧ភាគរយ ៕