2025-02-11 17:23
106

ប៉ៃលិន៖    នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ  ឆ្នាំ២០២៥  ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បានស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលទីតាំងត្រៀមរៀបចំសង្ក្រាន្តប៉ៃលិន នៅមាត់ស្ទឹងប៉ៃលិន ចាប់ពីចន្លោះស្ពានអូរច្រា ទៅស្ពានសន្តិភាព ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖  នៅក្នុងឱកាសពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ លេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើន កុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទនឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែង លម្អភ្លើង ពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្តនិងដងស្ទឹងប៉ៃលិន ដែលកំពុងឈូសឆាយរៀបចំ កែលម្អនាពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើលងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំក ម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។

សូមរំលឹកថា៖ សម្រាប់សង្ក្រានប៉ៃលិន រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ កន្លងទៅ គឺខេត្តប៉ៃលិនទទួលបាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាង ច្រើនកុះករនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាៗក្នុងខេត្ត និងទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ចិត្ត ដែលរៀបចំដោយរដ្ឋបាលខេត្ត៕