2025-02-20 13:56
17

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃព្រហស្បតិ៍សម្រាប់សវនាការមួយ ដែលមេធាវីរបស់លោកបានជំទាស់នឹងការចាប់ខ្លួនលោកលើបទចោទប្រកាន់ព្រហ្មទណ្ឌ ដោយចោទប្រកាន់ថាលោកកំពុងរៀបចំការបះបោរ នៅពេលដែលលោកបានដាក់ច្បាប់អាជ្ញាសឹកក្នុងខែធ្នូ។

សវនាការបឋមដែលពាក់ព័ន្ធនឹងការពិភាក្សាសាក្សី និងការត្រៀមរៀបចំផ្សេងទៀតសម្រាប់ការកាត់ក្តីព្រហ្មទណ្ឌរបស់គាត់ ហើយតុលាការក៏ត្រូវពិនិត្យមើលសំណើរបស់មេធាវីរបស់លោក Yoon ផងដែរដើម្បីលុបចោលការចាប់ខ្លួនរបស់គាត់ និងដោះលែងគាត់ពីមន្ទីរឃុំឃាំង។ 

ហើយចំពោះបញ្ហាប្រឈមបែបនេះគឺកម្រនឹងទទួលបានជោគជ័យណាស់។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានចោទប្រកាន់នៅថ្ងៃទី 26 ខែមករា លើបទចោទប្រកាន់បះបោរដែលមានទោសប្រហារជីវិត ឬជាប់គុកអស់មួយជីវិត។ ហើយជាធម្មតានៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីមានអភ័យឯកសិទ្ធិពីការកាត់ទោសឧក្រិដ្ឋកម្មភាគច្រើន ប៉ុន្តែមិនមែនលើការចោទប្រកាន់ពីបទបះបោរ ឬក្បត់ជាតិនោះទេ។

បើតាមដីកាបានធ្វើការចោទប្រកាន់លោកថា ការដាក់ច្បាប់អាជ្ញាសឹករបស់លោកគឺជាការប៉ុនប៉ងខុសច្បាប់ដើម្បីបិទរដ្ឋសភា និងចាប់ខ្លួនអ្នកនយោបាយ និងអាជ្ញាធររៀបចំការបោះឆ្នោត។ 

លោក Yoon ដែលជាអ្នកអភិរក្សនិយមបាននិយាយថា ការប្រកាសច្បាប់អាជ្ញាសឹករបស់គាត់គឺមានបំណងជាការព្រមានបណ្តោះអាសន្នដល់ក្រុមប្រឆាំងសេរី ហើយថាគាត់តែងតែមានគម្រោងគោរពឆន្ទៈរបស់សមាជិកសភា ប្រសិនបើពួកគេបោះឆ្នោតដកវិធានការនេះ។