2025-02-28 14:24
24

នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាសាងសង់ "សួនតេជោសន្តិភាព" ខេត្តបាត់ដំបងដើម្បីជំរុញការសាងសង់នេះឱ្យបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរ សួនតេជោសន្តិសភាព បានបើកការដ្ឋានសាងសង់ឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង៩៩៤ម៉ែត្រ មានទំហំ១៦.០៧៤ម៉ែត្រការ៉េ ។ 

នៅបរិវេណសួនតេជោសន្តិភាពនឹងមានរៀបចំជាផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្តស្រូបខ្យល់អាកាស ហាត់ប្រាណ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យមានភាពស្រស់បំព្រងនិងប្រែក្លាយជាទី ក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញចុះត្រួតពិនិត្យគម្រោងស្ថាបនាសួនច្បារខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អគារសាលាខេត្តចាស់) ដែលកំពុងរៀបចំកែលម្អផងដែរ។