2025-02-28 14:41
24

ការគ្រប់គ្រង «កិត្តិនាមកម្ពុជា» គឺជាកិច្ចការងារសំខាន់ដែលអង្គសន្និបាតមហាគ្រួសារវិស័យទេសចរណ៍ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានធ្វើការចាប់អារម្មណ៍និងលើកមកជជែកពិភាក្សា តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនមួយចំនួនមកពីស្ថាប័នសាធារណៈ និងផ្នែកឯកជន។

ក្នុងការដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា «ការគ្រប់គ្រងកិត្តិនាមកម្ពុជា» គឺជាការងារគន្លឹះអាទិភាពគន្លឹះទី១ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ជំរុញ និងផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរអន្តរជាតិពីគ្រប់តំបន់និងពិភពលោកមកកាន់កម្ពុជា។

ផ្តើមពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមមានភាពរឹងមាំ ជាបុរេលក្ខខណ្ឌក្នុងការធានារក្សាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពផ្តល់ភាពកក់ក្តៅ ស្អាត វៃឆ្លាត និងបៃតង។ 

សកម្មភាពផ្សព្វផ្សាយកិត្តិនាមកម្ពុជា នាពេលកន្លងមកបានផុសផុលនិងទូលំទូលាយ ក៏អាស្រ័យដោយមានកិច្ចសហការនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ វិនិយោគិន និងពិភពលោកឱ្យមកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World - Bring the World to Cambodia) ក្រសួងទេសចរណ៍នឹងបន្តដឹកនាំរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យមានភាពច្នៃប្រឌិតបន្ថែមទៀតនិងឱ្យចំគោលដៅទីផ្សារ។ 

បន្ថែមលើនេះ តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗពីប្រទេសគោលដៅសំខាន់ៗមកថតនៅកម្ពុជា ដោយអាចផ្តល់ជាគោលនយោបាយលើកទឹកចិត្តនិងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។

តាមរយៈអង្គវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រីដែលបានគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមាន Film Tourism ពិសេសគាំទ្រយុទ្ធនាការ «រដូវកាលបៃតង-Green Season» ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច Low Season» ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតក្នុងអំឡុងពេលនេះ។

ជាមួយនឹងការគ្រប់គ្រងកិត្តិនាមកម្ពុជាឱ្យបានល្អនិងទូលំទូលាយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី-ខេត្ត កំណត់និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ឱ្យសមស្របតាមអត្តសញ្ញាណនៃរាជធានី-ខេត្តនីមួយៗ រៀងៗខ្លួន។ 

ការរៀបចំនេះអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចងក្រងជាប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជំរុញការផ្សព្វផ្សាយ ដោយដាក់បញ្ចូលព្រឹត្តិការណ៍ទាំងនេះទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅ ឬ Cluster ខេត្តគោលដៅផងដែរ៕