2025-06-19 16:11
52

ការសែតថៃចេញផ្សាយនៅថ្ងៃទី១៩ មិថុនា ២០២៥ នេះថា លោក ភុំថាំ វិចចាយ៉ាឆាយ ( Phumtham Vejjayachai ) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលាតត្រដាងថា រដ្ឋាភិបាលនឹងបន្តកែសម្រួលគណៈរដ្ឋមន្ត្រី (ខុទ្ទកាល័យ) តាមក្របខណ្ឌដើម បើទោះជាគណបក្ស ភូមចៃថៃ Bhumjaithai បានដកខ្លួនចេញពីការធ្វើជាគណបក្សចម្រុះក៏ដោយ។ លោកបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងមិនប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នមានការពិភាក្សា និងយោគយល់គ្នាជាមួយគណបក្សសម្ព័ន្ធផ្សេងទៀត ដើម្បីរក្សាកិច្ចសហប្រតិបត្តិការ និងស្ថិរភាពនយោបាយ។

លោក ភុំ ថាំ ក៏បានថ្លែងថា រដ្ឋាភិបាលនៅតែគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយគ្រប់សាខានៃកងកម្លាំងប្រដាប់អាវុធ។ លោកបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាជាមួយតំណាងកងកំលាំងប្រដាប់អាវុធទាំង៤ថ្ងៃនេះ ពួកគាត់ទាំងអស់គ្នាយល់ច្បាស់ពីស្ថានការណ៍ ពិសេសភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនៅតែប្រព្រឹត្តទៅតាមនីតិវិធីធម្មតា។ លោកក៏បានបញ្ជាក់ថា ថៃមិនបានផ្តួចផ្តើមគំនិតបង្កហេតុដូចដែលកម្ពុជាអះអាងនោះទេ។

ស្របពេលនៃការផ្ដល់កិច្ចសំភាសន៍នោះ អ្នកសារព័ត៌មានសួរថា តើលោកបាននិយាយជាមួយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ដែររឺទេ ថានឹងមិនមានរដ្ឋប្រហារទំលាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿងថៃនោះទេ ? ហើយលោក ភុំ ថាំ បានឆ្លើយយ៉ាងច្បាស់ថា «មិនប្រាកដទេ រឿងនេះហួសសម័យហើយ គ្មានអ្នកណាគិតរកដំណោះស្រាយបែបនោះទៀតទេ»។

សូមរំលឹកដែរថាក្រោយមានភាព ចម្រោងចម្រាសផ្ទៃក្នុង ក្នុងជួររដ្ឋាភិបាល នៃការផ្លាស់ប្តូរ សមាសភាព គណៈរដ្ឋមន្ត្រី រដ្ឋាភិបាលថៃដឹកនាំឲ្យលោកស្រី Paetongtarn បានស្នើសុំដកហូតក្រសួងមហាផ្ទៃ មកគ្រប់គ្រង់ដោយខ្លួនឯងវិញ ដោយផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក Anutin ប្រធានគណបក្សភូមចៃថៃ ទៅដឹកនាំក្រសួងសុខាភិបាលសាធារណៈ ជំនួសវិញ ទើបឈានដាល់ការបែកបាក់ប្រះឆា ព្រោះដណ្ដើមគ្នាកាន់កាប់គ្រប់ក្រសួងមហាផ្ទៃ ។