2025-07-02 13:19
21

ថៃ៖   កាសែតថៃ Bangkok Post ចេញផ្សាយថា ៖ តំណែងរដ្ឋមន្ត្រីការពារជាតិថៃត្រូវបានទុកនៅទំនេរ ក្នុងការរុះរើគណៈរដ្ឋមន្ត្រីថៃចុងក្រោយនេះ តែត្រូវបានគេរំពឹងទុកថាវាត្រូវបានបម្រុងទុកសម្រាប់ ឧត្តមសេនីយ៍ Chalermpol Srisawat ដែលជាអតីតសមាជិកព្រឹទ្ធសភា និងជាប្រធានកងកម្លាំងការពារជាតិ។

រហូតមកដល់ពេលនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ Nattaphon Narkphanit នឹងចូលកាន់តំណែងជារដ្ឋមន្ត្រីស្តីទី នេះបើយោងតាមការប្រកាស នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។

ប្រភពដដែលបានបន្តថា ចំពោះមុខតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ត្រូវបានរំពឹងទុកថា គឺទុកសម្រាប់លោកឧត្តមសេនីយ៍ Chalermpol នេះបើយោងតាមប្រភពដោយសុំមិនបញ្ចេញឈ្មោះ។ 

លោកស្រី Paetongtarn Shinawatra បាននិយាយភ្លាមៗ ដោយទទូចថាក្រសួងការពារជាតិថៃ នឹងបន្តដូចធម្មតាក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ Nattaphon មុនពេលតុលាការធម្មនុញ្ញព្យួរតួនាទីលោកស្រីជានាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារជុំវិញ ការបែកធ្លាយការសន្ទនាតាមទូរស័ព្ទ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ។  ដោយលោកស្រី Paetongtarn Shinawatra មិនបានបញ្ជាក់ ឬបដិសេធការរំពឹងទុកជុំវិញការឡើងកាន់តំណែងរបស់ឧត្តមសេនីយ៍ Chalermpol នៅក្រោយថ្ងៃទី៣០ ខែកញ្ញាឡើយ ។

ប៉ុន្តែលោកស្រី Paetongtarn បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ នៅពេលត្រូវបានសួរថាតើលោកស្រីមានចេតនាបដិសេធក្នុងការតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី ដើម្បីស្នងតំណែងលោក Phumtham Wechayachai ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចៀសវាងការបង្កប្រតិកម្ម អវិជ្ជមានពីកងកម្លាំងប្រដាប់អាវុធចំពេលមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាដែរឬទេ។

ទន្ទឹមនឹងនេះ លោក Phumtham បានសម្តែងនូវទំនុកចិត្តលើសមត្ថភាពរបស់ឧត្តមសេនីយ៍ Nattaphon ក្នុងការដឹកនាំគ្រប់គ្រងក្រសួងការពារជាតិ ប្រកបដោយប្រសិទ្ធភាព ដោយលើកឡើងពីជំនាញសម្របសម្រួល និងសមត្ថភាពដ៏រឹងមាំរបស់គាត់។

លោក Phumtham បាននិយាយថា លោកមិនដឹងថាហេតុអ្វីបានជាលោកស្រី Paetongtarn សម្រេចចិត្តទុកមុខតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិនៅទំនេរនោះទេ។