
ភ្នំពេញ៖ លោក ទ្រី ស៊ីថេង ជា «ហ្ម» របស់ដំរីមានឈ្មោះ ឡាក់គី ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចូលជួបនៅថ្ងៃស្អែក ទី០៣ ខែកក្កដានេះ ដើម្បីជួយរកដំណោះស្រាយ បន្ទាប់ពីហ្មដំរីរូបនេះ បានសម្រេចចិត្តលាឈប់ពីការងារមើលថែសត្វដំរី នៅសួនភូតគាម «ភ្នំតាម៉ៅ» ដោយសារមានទំនាស់ផ្ទៃក្នុង។ នេះបើយោងតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមមានការបង្ហោះចែករំលែករូបភាពវីដេអូ សត្វដំរី ០១ក្បាល មានឈ្មោះ «ឡាក់គី» បានរត់តាមម៉ូតូ និងស្ទាក់មុខបុរសម្នាក់ ដែលជា «ហ្មដំរី» ធ្លាប់មើលថែ និងចិញ្ចឹមឡាក់គីតាំងពីអាយុ០៦ខែ នៅសួនសត្វភូតគាម «ភ្នំតាម៉ៅ» នៅស្រុកបាទី ខេត្តតាកែវ។ លោក ទ្រី ស៊ីថេង ជាបុគ្គលិកបម្រើការងារនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយជាអ្នកមើលថែសត្វព្រៃគ្រប់ប្រភេទ ប៉ុន្តែក្រោយមកលោកទទួលបន្ទុកចិញ្ចឹម និងថែទាំសត្វដំរីឈ្មោះ ឡាក់គី តាំងពីតូចរហូតដល់ធំពេញវ័យ។
ប្រវត្តិរបស់ «ឡាក់គី» បានកំព្រាម្តាយតាំងតូចដោយសារព្រានព្រៃបបាញ់ និងត្រូវបានមន្ត្រីជំនាញផ្នែកបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ជួយសង្គ្រោះ និងបានយកចិញ្ចឹម និងថែរក្សានៅក្នុងសួនសត្វភូតគាម «ភ្នំតាម៉ៅ» ក្រោមការមើលថែរបស់លោក ទ្រី ស៊ីថេង ជា «ហ្ម» ប៉ុន្តែចុងក្រោយនេះដោយសារមានបញ្ហាទំនាស់ផ្ទៃក្នុងហ្មរបស់ឡាក់គី បានលាឈប់ពីការងារធ្វើឱ្យឡាក់គីដែលធ្លាប់រស់នៅជាមួយលោក ទ្រី ស៊ីថេង មានការអាឡោះអាល័យម្ចាស់របស់វាមិនចង់បែកបានរត់តាម និងស្រែកយំស្ទាក់ផ្លូវហ្មមិនឱ្យទៅចោលខ្លួន ប្រៀបដូចជាកូនមិនចង់ឱ្យឪពុកចាកចេញចោលខ្លួនអញ្ចឹង ទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ និងផ្ទុះការចែករំលែកពេញបណ្តាញសង្គមតែម្តង។
ក្រោយមានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ “ឡាក់គី” ដែលគួរ ឱ្យអាណិត ក្រោយពីអ្នកមើលថែ “ហ្ម” ត្រូវបានលាឈប់ពីការងារ។ ករណីនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វើការបញ្ជាក់ថា៖ «លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ»។
រដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា៖ «លោក ទ្រី ស៊ីថេង ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ»។
បន្ទាប់ពីផ្ទុះលើបណ្តាញសង្គមករណី «ហ្មដំរី» របស់ឡាក់គី លាឈប់ពីការងារ លោក ឃឹម ហ្វីណង់ បានបញ្ជាក់លើបណ្តាញសង្គមថា៖ «តាមពិតទៅក្រសួងកសិកម្ម ក៏បានព្យាយាមស្នើសុំឱ្យគាត់នៅបន្តបម្រើការងារដែរ ប៉ុន្តែគាត់បានសម្រេចចិត្តថាមិនធ្វើវិញ ដោយសារមូលហេតុទំនងជាបណ្តាលមកពីបញ្ហាទំនាស់ផ្ទៃក្នុងធ្ងន់ធ្ងរ»៕


