2025-07-03 15:19
19

ខេត្តកណ្តាល៖ ដើម្បីផលប្រយោជន៍ចំពោះស្ត្រី និងកុមារដែលងាយរងគ្រោះ និងទទួលរងគ្រោះដោយករណីផ្សេងៗ គ.ក.ស.ក គ្រប់ថ្នាក់ ព្រមទាំងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបង្កើនសកម្មភាពឲ្យបានកាន់តែសកម្មថែមទៀតនៅក្នុងឆ្នាំ២០២៥  និងឆ្នាំបន្តទៀត ពិសេសត្រូវចូលរួមលុបបំបាត់ការប្រើអំពើហិង្សានានា ការជួញដូរកេងប្រវ័ញ្ចចំពោះស្ត្រី និងកុមារ ការការរំលោភបំពាននានា ការបោកបញ្ឆោតតាមអនឡាញ ដោះស្រាយបញ្ហាមប្រឈមរបស់មតេ្តយ្យសហគមន៍ ព្រមទាំងការងារចុះសួរសុខទុក្ខ និងចែកប័ណ្ណសមធម៌ជូនដល់ពលករដែលត្រឡប់មកពីក្រៅប្រទេសជាដើម។     

នេះជាការលើកឡើងរបស់ លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្តកណ្តាល និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធាន គ.ក.ស.ក ខេត្ត នៅក្នុងប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការឆមាសទី២ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តកណ្តាល  ។

លោកជំទាវ នួន នារតី បានលើកឡើងថា កិច្ចប្រជុំនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើការពិនិត្យលើការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារស្ត្រី និងកុមារពីការរំលោភបំពានផ្សេងៗ។

លោកជំទាវ នួន នារតី បានណែនាំ និងជំរុញបន្ថែមទៅដល់សមាជិក គ.ក.ស.ក ត្រូវបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយ អំពីច្បាប់ទាក់ទងទៅនិងស្ត្រី និងកុមារ ការលើកកម្ពស់ សីលធម៌សង្គម និងពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងជំរុញរអប់រំកុមារតូចៗ ដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋ និងសហគមន៍ឲ្យបានគ្រប់ៗគ្នា។

លោកជំទាវប្រធាន គ.ក.ស.ក ខេត្ត ក៏បានជំរុញដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំ-សង្កាត់ ត្រូវតាមដាននិងរាយការណ៍អំពីស្ថានភាពបញ្ហាប្រឈមរបស់ស្ត្រី និងកុមារនៅមូលដ្ឋានខ្លួន ដើម្បីរួមគ្នាពិនិត្យដោះស្រាយបានទាន់ពេលវេលា។ អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តការខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន ម៉្យាងទៀត វិស័យដែលពាក់ព័ន្ធទាំងអស់ ក៏ត្រូវបន្តកិច្ចសហការជាមួយអជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តឲ្យទទួលបានលទ្ធផលល្អផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវប្រធាន គ.ក.ស.ក បានកោតសរសើរ វាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក. ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដែលខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងវិស័យការងារសេវាសង្គម និងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។