2025-07-14 11:21
21

ត្បូងឃ្មុំ៖ ក្រុមក្មេងទំនើង ចំនួន ០៣ នាក់ ដែលបានធ្វើសកម្មភាពចង់ខ្សែរក្រណាត់ទាក់បង្គោលសុវត្ថិភាពតាមដងផ្លូវ និងបានថតបង្ហោះលើបណ្តាញសង្គម «Tik Tok» ពេលនេះត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរតាមនិតិវិធីច្បាប់ រួចបានធ្វើកិច្ចសន្យា អប់រំ ណែនាំ ដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្តទៀត។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង០៣នាក់ ខាងលើ ពួកគេរស់នៅភូមិបឹងកេតលើ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកក្រណាត់ចងភ្ជាប់នឹងបង្ហោលសុវត្ថិភាពតាមចិញ្ចើមផ្លូវក្រាលកៅស៊ូ ក្នុងភូមិសាស្ត្រភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ជាមួយនឹងកាងម៉ូតូបើកទាញ និងថតបង្ហោះលើបណ្តាញសង្គម «Tik Tok» បានធ្វើឱ្យមានមហាជនផ្ទុះការរិះគន់ និងមានប្រតិកម្មពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹងជញ្ជូន ទើបសមត្ថកិច្ចចាត់វិធានការស្រាវជ្រាវ រហូតកំណត់បានទីតាំង និងឈានដល់ការឃាត់ខ្លួនតែម្តង។

ប្រភពដំណឹងបានឱ្យដឹងថា ដោយមានមតិដឹកនាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការសម្របសម្រួលឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង ០៩និង០០នាទី សមត្ថកិច្ចជំនាញ បានឱ្យក្មេងទំនើងទាំង ០៣នាក់ ថតវីដេអូសុំទោសជាសាធារណ:បង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក និង តិកតុក និងបានធ្វើកិច្ចសន្យា អប់រំ ណែនាំ ដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត។

ក្រោយមានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានសហការជាមួយ ធ្វើការឃាត់ខ្លួនក្មេងទំនើង ចំនួន ០៣ នាក់ ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈថតបង្ហោះនៅលើបណ្តាញសង្គម «Tik Tok» មកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែង ចំនួន ០២ ចងភ្ជាប់គ្នា ដោយយកចុងដៃអាវម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយយកចុងដៃអាវម្ខាងទៀតទៅចងជាប់នឹងជង្អើម៉ូតូខាងក្រោយជិះម៉ូតូទៅមុខ ព្រមទាំធ្វើការថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម T«ik Tok» កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកមែន។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៣នាក់ ក្រោយសមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំ និងណែនាំ ដោយមានការធានាពីសំណាក់អាណាព្យាបាល ដោយមានការឯកភាពពីតំណាងអយ្យការសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅអប់រំបន្ត៕