ភ្នំពេញ៖ ឪពុកបង្កើតស្ត្រារងគ្រោះជាជាងសាឡន ត្រូវបានជនល្មើសរហស្សនាម «អាក្របីព្រៃ» បាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ បានទទួចស្នើសុំឲ្យមានកិច្ចអន្តរាគមន៍រកដំណោះស្រាយ និងស្វែងរកយុត្តិធម៌។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ មានគណនីហ្វេសប៊ុកមួយបានបង្ហោះថា «ខ្ញុំបាទ ចេង សារ៉ុង បំរើការងារនៅក្រសួងការពារជាតិ សូមគោរពលោកអគ្គនាយកជាទីគោរព ខ្ញុំបាទសូមលោកជួយផ្សព្វផ្សាយនឹងរកយុត្តិធម៍អោយគ្រូសារខ្ញុំបាទផង ដោយកូនស្រីរបស់ខ្ញុំត្រូវឈ្មោះ រស់ ពុទ្ធា ហៅក្របី បានបាញ់កូនខ្ញុំនៅថ្ងៃទី២៤ ខែមេសា ឆ្នំា២០២៣ នៅខេត្តមណ្ឌលគីរី មកដល់ថ្ងៃនេះហើយពុំទាន់មានដំណោះស្រាយនៅឡើយទេ សូមលោកជួយរកយុត្តិធម៍ អោយកូនចៅផង ខ្ញុំបាទសូមគោរពសូមអរគុណ»។
យោងតាមសំណេរគិតតាំងពីថ្ងៃកើតហេតុរហូតដល់ពេលនេះ ក្រុមគ្រួសារស្ត្រីរងគ្រោះមិនទាន់ទទួលបាននូវដោះណោះស្រាយណាមួយសមសម្រប និងភាពយុត្តិធម៌សម្រាប់ជនរងគ្រោះនៅឡើយទេ ខណៈជនល្មើសកំពុងរត់គេចខ្លួនរស់នៅក្រៅឃុំ។
ពាក់ព័ន្ធករណីខាងលើនេះ សង្ឃឹមថាមិនរួចខ្លួនទេ ព្រោះកម្លាំងស្នងការនគរបាលខេត្តមណ្ឌលគិរី នៅតែបន្តតាមប្រមាញ់ ជនជាប់ឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» ជើងខ្លាំងប្រចាំខេត្តមណ្ឌលគិរី ដែលបាញ់នារីអ៊ុតសក់ដដែល។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ធ្លាប់បានថ្លែងប្រាប់ msjtv កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថា ករណីជនសង្ស័យរហស្សនាម «អាក្របី» ដែលបាញ់នារីអ៊ុតសក់បណ្តាលឱ្យរបួសធ្ងន់នាពេលកន្លងមកនោះ រហូតដល់ពេលនេះ សមត្ថកិច្ចជំនាញនៅតែបន្តស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ស្នងការខេត្តមណ្ឌលគិរី បានថ្លែងយ៉ាងដូច្នេះថា «មុខសញ្ញាអាក្របីកម្លាំងសមត្ថកិច្ចយើងតាមប្រមាញ់រហូតហើយកម្លាំងក៏កំពុងនៅទីក្រុងភ្នំពេញ និងតាមព្រំដែន ប៉ុន្តែនៅខាងណាលោកមិនអាចប្រាប់បានទេ ព្រោះកម្លាំងកំពុងតែធ្វើការងារនេះ»។
សូមរំឭកថា បុគ្គលជើងខ្លាំងប្រចាំភូមិភាគឦសាន្តមានឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» ដែលបានធ្វើសកម្មភាពបាញ់នារីជាជាងអ៊ុតសក់ម្នាក់ កាលពីនៅម៉ោងប្រមាណ ១និង២០នាទីរំលងអាធ្រាតចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ នៅចំណុចចំការស្រល់ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីចេញផឹកស៊ី និងរាំសប្បាយក្នុងក្លឹបកម្សាន្តមួយកន្លែង ក្នុងក្រុងសែនមនោរម្យ។
ស្រ្តីរងគ្រោះឈ្មោះ ចន សុវណ្ណណេត ហៅហ្សា អាយុ ២៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបុគ្គលជើងខ្លាំងប្រចាំភូមិភាគឦសាន្តឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បាញ់មួយគ្រាប់ត្រូវចំដើមដោះខាងស្ដាំក្បាលគ្រាប់ចូលបៀមនៅក្រោមស្លាបប្រចៀវ រងរបួសធ្ងន់ ត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ប៉ុន្តែដោយសារស្ថានភាពធ្ងន់ពេកកបញ្ជូនបន្តមកកាន់រាជធានីភ្នំពេញ។
ក្រោយផ្ទុះអាវុធត្រូវចំនារីរងគ្រោះជនបង្កឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សូមបញ្ជាក់ថា បុគ្គលឈ្មោះ រស់ ពុទ្ធា រហស្សនាម «អាក្របី» មានអាយុជាង ៤០ឆ្នាំ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាបុគ្គលមានឥទ្ធិពលម្នាក់ ក្នុងទឹកដីខេត្តមណ្ឌលគិរី និងជាអតីតមេឈ្មួញរកឈើឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម និងមានមេកើយថ្នាក់ឧត្តមសេនីយ៍តែងតែជួយអត្តរាគមន៍ជួយស្ទើរគ្រប់ពេល។ បុគ្គលរូបនេះ រស់នៅក្នុងសង្គមបង្កភាពវឹកវរចលាចលបាញ់បោះសេរីគ្មានខ្លាចញញើតច្បាប់ឡើយ ប៉ុន្តែស្ថាប័នអនុវត្តន៍ច្បាប់ហាក់គ្មានវិធានការតឹងរឹងលើជននេះទាល់តែសោះ។
មហាទន្ទឹមរងចាំមើលថា លើកនេះ ជនសង្ស័យឈ្មោះ រស ពុទ្ធា រហស្សនាម «អាក្របី» អាចគេចផុតសំណាញ់ច្បាប់ដូលលើកមុនៗដែរឬយ៉ាងណ? ខណៈក្រុមគ្រួសារនារីរងគ្រោះនៅតែបន្តអំពាវនាវស្វែងរកយុត្តិធម៌៕