2025-09-04 13:20
45

ឡេស៊ី៖ ទីក្រុង ចំនួន ៣ និងស្រុក ចំនួន ២ របស់កម្ពុជា ត្រូវបានទទួលពានរង្វាន់ “ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន” (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ “ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

ទីក្រុង និងស្រុកទាំង ៥ របស់កម្ពុជា ដែលទទួលពានរង្វាន់ និងវិញ្ញាបនបត្រ  រួមមាន៖ ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ “ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥”។ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ “សេដ្ឋកិច្ចចក្រា”។ ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ “ទឹកស្អាត”។ ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ “ខ្យល់ស្អាត” និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ “ទឹកស្អាត”។

ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយអគ្គលេខាអាស៊ាន ផងដែរ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលទីក្រុង និងទីប្រជុំជនរបស់កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ ដែលបានឆ្លុះបញ្ចាំងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយភាពវាងវៃខ្ពង់ខ្ពស់ និងមានភាពស្វាហាប់ ប្រកបដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមជាមួយការអនុវត្តតាមយុទ្ធសាស្រ្តចក្ក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ 

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា «ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាននិងកំពុងដាក់ចេញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា បង្កើនគម្របបៃតង និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។

ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បីធ្វើការអនុវត្តទប់ស្កាត់ការបំពុលបរិស្ថាន ដោយផ្តោតលើភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃទឹក និងភាពស្អាតផ្ទៃមេឃ ដែលមានការគាំទ្រ និងចូលរួមអនុវត្តសកម្មភាពពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រឹះស្ថានសាធារណៈ ផ្នែកឯកជន អង្គការសង្គមស៊ីវិល  ដៃគូអភិវឌ្ឍន៍ យុវជនកម្ពុជា ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសកម្ពុជា មានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង និងបរិស្ថានផង។ 

កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញ ជាក់ស្តែងយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបជាង ១១ លាន អង្គ/នាក់។ យុទ្ធនាការ «កម្ពុជា ស្អាត ខ្មែរធ្វើបាន» បានជំរុញសកម្មភាពរួមគ្នា ចេញរើសសំរាម សំណល់ប្លាស្ទិក ក្នុងពេលតែមួយ ដើម្បីសម្អាតតាមផ្ទះ តាមមូលដ្ឋាន និងនៅតាមដងផ្លូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ជាង ៦ លាន អង្គ/នាក់។ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ និងជំរុញឱ្យបណ្តាក្រុង ស្រុក ខណ្ឌនៅតាមដងផ្លូវជាតិមានភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។

ដើម្បីភាពស្អាតផ្ទៃទឹក ក្រសួងបរិស្ថានបានផ្តោតលើការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹក ពីរោងចក្រ សហគ្រាស។ ក្រសួងបានអនុវត្តច្បាប់ ១០០% ដោយតម្រូវឱ្យប្រភពបំពុល ត្រូវបំពាក់និងដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងធ្វើការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវស្របតាមច្បាប់ជាធរមាន។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះ មានរោងចក្រ ចំនួន ៥២ បានចុះកិច្ចសន្យារួច ក្នុងនោះមាន រោងចក្រ ចំនួន ៤២ បានបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវរួចរាល់ ក្នុងនោះមានរោងចក្រ សហគ្រាស នៅខេត្តកណ្តាល មានច្រើនជាងគេ ហើយនឹងត្រូវប្រកាសជាខេត្តគំរូរបស់កម្ពុជា ដែលបានចូលរួមអនុវត្តការបំពាក់ឧបករណ៍តាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវចូលតំបន់ទឹកសាធារណៈ នៅពេលខាងមុខ៕