2025-09-04 14:05
48

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង ចំនួន ០២ ប្រភេទ របស់ក្រុមហ៊ុន ឡាហ្វ រីយ៉ា ឯ.ក គ្រប់គ្រងដោយអតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ «Love Riya» មានលួចដាក់សារធាតុសកម្ម ឱសថសម័យ និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលបង្កផលប៉ះពាល់ដល់សុខភាព ដូចជា ខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ ជាដើម។

នៅក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តច្បាប់នៅគេហដ្ឋាន របស់លោកស្រី ឆេង ស្រីរ័ត្ន អតីតឧកញ៉ា ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង «ឡាហ្វ រីយ៉ា ឯ.ក» ដោយបានស្រង់យកសំណាកផលិតផលបំប៉នសុខភាព ចំនួន ០២មុខ និងគ្រឿងសម្អាង ចំនួន ១២ មុខ មកវិភាគគុណភាព នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលក្នុងចំណោមនោះ មានផលិតផលបំប៉នសុខភាព ចំនួន ០២មុខ និងផលិតផលគ្រឿងសម្អាង ចំនួន ០៣ មុខ ដែលគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា ផលិតផលបំប៉នសុខភាពឈ្មោះ «LOVE RIYA» ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្មឱសថ Tranexamic Acid។ សារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ និងគ្រឿងសម្អាង ចំនួន ០២ មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ «Loveriya Double White Body Lotion» និង «Loveriya» ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍គ្រឿងសម្អាងអាស៊ាន។ 

មន្ត្រីជំនាញបានបញ្ជាក់ថា «សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធ ប្រសាទ»។

ដើម្បីចៀសវាងការប្រើប្រាស់ផលិតផល ដែលមានផ្ទុកសារធាតុគ្រោះថ្នាក់ ឬសារធាតុលើសកម្រិតស្តង់ដាខាងលើ ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ ផលិតផលទាំង៣មុខនេះ ជាបន្ទាន់។ ទន្ទឹមនេះដែរ សូមសាធារណជនទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកា និងគ្រឿងសម្អាងគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដើម្បីចៀសវាងការខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត ដោយផលិតផលទាំងនេះ ពុំធានាបាននូវគុណភាព សុវត្ថិភាព ស្របតាមបទដ្ឋានបច្ចេកទេសឡើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថ «រាល់ការចរាចរផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ត្រូវមានលេខបញ្ជីកា និងលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល ដូចមានគំរូភ្ជាប់ មកជាមួយ»។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលបានចែកចាយ ឬលក់ផលិតផលទាំង៣ខាងលើ ឬផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកា ឬគ្រឿងសម្អាងគ្មានលេខប្រវេទន៍ផ្សេងទៀត រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកាខាងលើ ឬ ផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងឱសថជាធរមាន៕