
កូឡាឡាំពួ៖ នៅចំពោះមុខថ្នាក់ដឹកនាំគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន «អាយប៉ា» ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចរដ្ឋសភា ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីជំហរ និងឆន្ទៈរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃ ដោយសន្តិវិធី។
សម្តេចប្រធានសភា បានលើកឡើងបែបនេះ ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។
សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានលើកឡើងបន្តថា «កម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជា និងថៃ វិលទៅរកភាពប្រក្រតីឡើងវិញ។ សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាព និងបរិយាបន្នដោយយកពលរដ្ឋជាស្នូល»។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ។
សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត ៧០០ លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល៕

