
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាព «ស៊ីម៉ាក់» នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា បានលើកឡើងថា «ករណីការបាញ់ផ្លោងរបស់ទាហ៊ានសៀមមកលើបូរណភាពទឹកដីកម្ពុជា និងកងកម្លាំងកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ជាការបាញ់លើកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡើយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡើយ»។
ករណីនេះ កម្លាំងអង្គភាព CMAC សហការជាមួយកងទ័ពកម្ពុជា ចុះហ៊ុមព័ទ្ធរណ្តៅគ្រាប់ និងកំណត់អត្តសញ្ញាណគ្រាប់ប្លោង និងចំនួនរណ្តៅដែលផ្ទុះទាំងអស់ ក្រោយករណីការបាញ់ប្លោងរបស់ទាហ៊ានថៃ មកលើទឹកដី និងកងកម្លាំងកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់អានសេះ។
លោក ហេង រតនា បានបន្ថែមទៀតថា ករណីបាញ់ផ្លោងនៅថ្ងៃនេះ ដូចគ្នានឹងករណីទាហ៊ានសៀមបាញ់តែម្នាក់ឯងមកលើតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង ៥និង០១នាទីទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធ។ «បាញ់ម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បើបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហើយ!»។ លោក ហេង រនតា បានបញ្ជាក់បន្ថែម។
អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់យ៉ាងដូច្នេះថា ដូចប្រសាសន៍របស់សម្តេចតេជោផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះមានសារសំខាន់ណាស់! ករណីនៅថ្មដា កម្លាំងអង្គភាព CMAC បានសហការជាមួយកងទ័ពចុះហ៊ុមព័ទ្ធរណ្តៅគ្រាប់ និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោង ប្រភេទ ១០៥មម ចំនួន ០៦ រណ្តៅដែលផ្ទុះទាំងអស់ (លើ ២១ គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់ ១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា “មានគ្រាប់ផ្លោង ១០៥ មម ចំនួន ០៤ គ្រាប់ ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុល WP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង”។ តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហើយអ្នកណាជាអ្នកប្រើប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់!។
លោក ហេង រតនា បានបន្ថែមថា ភស្តុតាងទាំងនេះ នៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា “សៀមជាអ្នកបាញ់មកលើទឹកដីកម្ពុជា ហើយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត!។ ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃនេះ ក៏ដូចគ្នាដែរ គឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុន ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង!”៕
