2025-09-28 10:45
34

តាមរយៈសុន្ទរកថា របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស”។ 

លោក ប្រាក់ សុខុន បានលើកឡើងអំពីការវិវត្តប្រែប្រួលរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពនៃអត្ថន័យមូលបទរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ពោល គឺជាប្រទេសដែលធ្លាប់ត្រូវការសន្តិភាព បានក្លាយជាប្រទេសដែលជួយផ្តល់សន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសដទៃទៀត។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការឈឺចាប់ជាពន់ពេក ក្នុងការជម្រាបជូនមហាសន្និបាតអង្គការសហប្រជាជាតិថា “សន្តិភាពនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានដោយលំបាក ហើយដែលយើងស្រលាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក បច្ចុប្បន្នកំពុងរងការគំរាមកំហែងមិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ”។

លោក ប្រាក់ សុខុន បានថ្លែងទៀតថា កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជន ស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក។

“ទោះជាយ៉ាងនេះក្តី បទឈប់បាញ់នៅមានភាពផុយស្រួយ ទោះបីជាមានការប្តេជ្ញាចិត្តពីប្រទេសទាំងពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ ដើម្បីកសាងទំនុកចិត្ត និងស្តារស្ថានភាពដូចដើមឡើងវិញក៏ដោយ”។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែម។

ក្នុងសេចក្តីថ្លែងការណ៍នោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍ និងស្មារតីនៃកិច្ចព្រមព្រៀង ត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្តែង។ 

គួរឱ្យសោកស្តាយ ការបន្តសកម្មភាពឯកតោភាគី ដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជា ដោយប្រើកងកម្លាំងជំនួសឱ្យយន្តការដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឱ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញា ដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។

បញ្ហាព្រួយបារម្ភបំផុតនោះ គឺការបណ្តេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្តេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សមកហើយ។ 

ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀត ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរ។ 

ទង្វើខាងលើនេះបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់ថា កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុង ការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុត ចំពោះមុខការបង្ករឿង និងការរំលោភបំពាន ម្តងហើយម្តងទៀត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការវាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា «កងកម្លាំងរបស់កម្ពុជាបានបើកការបាញ់ប្រហារមុន។

កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព»។

ក្នុងស្មារតីដូចកាលពីបានបញ្ចប់សង្គ្រាមជិតបីទស្សវត្សរ៍កន្លងមក កម្ពុជាសូមអំពាវនាវឱ្យមានកិច្ចសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្តគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។

លោក ប្រាក់ សុខុន បានថ្លែងទៀតថា កម្ពុជាជាប្រទេសតូច ផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ 

យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ 

ខណៈពេល ដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំង គឺជាជម្រើសចុងក្រោយបំផុត។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា “កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា”៕