2025-09-28 10:57
48

ភ្នំពេញ៖ ជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក ចំនួន ៦០ ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពបោសសម្អាតមីនរបស់អង្គភាព CMAC តាមរយៈអង្គការ NPA សម្រាប់រយៈពេល៥ខែ (វិច្ឆិកា ២០២៥ - មេសា ២០២៦) ត្រូបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងរវាងប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ជាមួយប្រធានអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ។

តាមរយៈបណ្តាញសង្គម លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ កាលថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង អង្គភាព CMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយ លោក Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកស្រី Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការ NPA ប្រចាំនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក។

ដំណើរទស្សកិច្ចខាងលើនេះ រៀបចំដោយស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA)។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC តាមរយៈអង្គការ NPA ដែលមានទឹកប្រាក់ សរុបចំនួន ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ខែ (វិច្ឆិកា ២០២៥ - មេសា ២០២៦)។

ឆ្លៀតឱកាសនេះ លោក ហេង រតនា អគ្គានាយកស៊ីម៉ាក់ បានសំដែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។

លោក ហេង រតនា មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត៕