
ភ្នំពេញ៖ គណៈកម្មការដឹកនាំការសង្កេតការណ៍ និងមន្រ្តីសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួន ៨២ រូប ដឹកនាំដោយ លោក កែវ ធីវុធ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី១០ សម័យប្រឡង ២៨ កញ្ញា ២០២៥ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី១០ ដឹកនាំដោយគណៈកម្មការនាយក ដែលមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន បានរៀបចំការប្រឡងប្រជែងវិញ្ញាសាសរសេរ មានបេក្ខជនសរុប ១.៦៨១ រូប (ស្រី ៨១៩ រូប) បែងចែកជា ៣៨ បន្ទប់ ដើម្បីសម្រិតសម្រាំងបេក្ខជនជ័យលាភីដំណាក់កាលទី១ ចំនួន ១៥០ រូប ក្នុងការបន្តទៅដំណាក់កាលវិញ្ញាសាស្តាប់-កត់ត្រា និងសួរផ្ទាល់មាត់ ដោយជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ ចំនួន ១០០ រូប។
សូមជម្រាបជូនថា នេះគឺជាលើកទី៧ ដែល អ.ប.ព. ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ហើយ អ.ប.ព. នឹងចូលរួមសង្កេតការណ៍រហូតដល់ប្រកាសលទ្ធផលស្ថាពរ៕

