2025-09-30 16:35
38

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ  អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃការបញ្ចេញប្រភេទពូជដំឡូងមី របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងពូជស្រូវស្រងែរបស់ក្រុមហ៊ុនអេមរុរ៉ាយស៏ (AMRU RICE) ដែលពូជថ្មី ទទួលបានទិន្នផលខ្ពស់ ធន់នឹងជំងឺផងដែរ។

ក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា «ចាប់ពីឆ្នាំ ២០២២-២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តពិសោធន៍ពហុកន្លែងនៅតាមកេ្សត្របរិស្ថានផ្សេងៗគ្នា សរុបចំនួន៨កន្លែង ក្នុងខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ»។

ការប្រកាសឱ្យប្រើប្រាស់ពូជថ្មី «ស្រូវស្រង៉ែ» និង «ដំឡូងមី» នេះធ្វើឡើងកាលព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយអធិបតីភាព លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ។

តាមការធ្វើពិសោធសម្តែងកម្មនៅស្ថានីយចម្ការកសិករ និងការធ្វើទិវាចម្ការបង្ហាញ វិទ្យាស្ថាន CARDI បានកំណត់ និងជ្រើសរើសដំណាំដំឡូងមីស្រឡាយ TMEB419 ដែលជាស្រឡាយល្អជាងគេ ដោយមានដើមដងត្រង់ល្អ មានទិន្នផលខ្ពស់ជាមធ្យមចន្លោះពី ២៥ទៅ៤៥ តោនក្នុង១ហិកតា មានកម្រិតជាតិម្សៅខ្ពស់ចន្លោះពី ១៩ ដល់២៥ភាគរយ និងជាពិសេស មានភាពធន់នឹងជម្ងឺរួញស្លឹក និងអំបោសធ្មប់ ហើយសមស្របសម្រាប់លក្ខខណ្ឌដាំដុះក្នុងប្រទេសកម្ពុជា។ 

ដោយឡែក នៅរសៀលថ្ងៃដដែល រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំស្រូវស្រងែ របស់ក្រុមហ៊ុនអេមរុរ៉ាយស៏ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីជាសមាជិក សមាជិកានៃគណៈកម្មាធិការបញ្ចេញពូជដំណាំ និងតំណាងក្រុមហ៊ុនអេមរុរ៉ាយស៏ ។ 

ក្រុមហ៊ុនអេមរុរ៉ាយសិ៍ បានចាប់ផ្តើមអភិវឌ្ឍប្រភេទពូជដំណាំពេញនិយមក្នុងស្រុក ដោយជ្រើសរើសពូជប្រភេទបុរាណនៅតាមបណ្តាខេត្ត សម្រាប់ធ្វើការបន្សុតស្រឡាយ ក្នងនោះ ក្រុមហ៊ុនបានប្រមូលពូជស្រូវស្រងែ ស្រងែស្រាល និងក្រមុំចិន ដែលមានប្រភពដើមមកពីភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រភេទពូជពេញនិយម មានទីផ្សារ ហើយកសិករចូលចិត្តដាំដុះសម្រាប់នាំចេញទៅប្រទេសជិតខាង។ 

តាមការពិសោធលើស្រែកសិករទាំង២រដូវ គឺរដូវវស្សាឆ្នាំ២០២៤ និងរដូវប្រាំងឆ្នាំ២០២៤-២០២៥ រុក្ខជម្រើសវិទូសម្រេចជ្រើសយកលើប្រភេទពូជស្រូវស្រងែក្នុងស្រឡាយ០៥ ក្នុងលក្ខខណ្ឌស្រែកសិករដើមរដូវវស្សា ឆ្នាំ២០២៥ ដើម្បីតាមដានកម្រិតសេដ្ឋកិច្ច និងផលចំណេញរបស់កសិករ ដោយរកឃើញថា ពូជស្រូវប្រភេទស្រឡាយនេះ មានអាយុកាលលូតលាស់ខ្លី ពី៨៧ដល់៩០ថ្ងៃ ទទួលបានបាយទន់ក្លិនក្រអូបប្រហើរ ធន់នឹងដង្កូវស៊ីរូងដើម និងសត្វមមាចត្នោត ធន់នឹងជម្ងឺប្លាស់ខ្ពស់ និងទទួលបានទិន្នផលចន្លោះពី៦ ទៅ៦,៥ តោនក្នុងមួយហិកតា។ 

ជាលទ្ធផលក្នុងកិច្ចប្រជុំវាយតម្លៃ គណៈកម្មាធិការបញ្ចេញពូជដំណាំ បានឯកភាពទាំងស្រុងក្នុងការអនុញ្ញាតឱ្យបញ្ចេញប្រភេទពូជដំណាំដំឡូងមីស្រឡាយ TMEB419 តាមសំណើរបស់វិទ្យាស្ថាន CARDI និងប្រភេទពូជស្រូវស្រងែ របស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីប្រើប្រាស់ និងចែកចាយ៕