2025-10-01 09:58
24

បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា នៅម៉ោង ១០និង៤៣នាទី យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឮសំឡេងផ្ទុះអាវុធ ចំនួន ០៣ គ្រាប់ នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលព្រំដែនលេខ ៤៤។

សូមជម្រាបថា ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែនអធិបតេយ្យភាពរបស់កម្ពុជា កំពុងទទួលរងការធ្វើទុកបុម្មេញស្ទើរាល់ថ្ងៃពីសំណាក់កងទ័ពឈ្លានពានថៃ បានធ្វើសកម្មភាពរំលោភបំពានដែនដី និងអធិបតេយ្យរបស់កម្ពុជាយ៉ាងគឃ្លើន។ ក្នុងនោះភូមិឋាន ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ជាច្រើនខ្នង ត្រូវបានកងទ័ពថៃ ធ្វើសកម្មភាពព័ទ្ធបន្លាលួសបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលថៃ បានធ្វើជាមួយកម្ពុជា។

នៅក្នុងភូមិសាស្ត្រនេះ ថៃបានធ្វើសកម្មភាពចល័ត និងពង្រាយទ័ពផ្ទុយនឹងបទឈប់បាញ់ដែលថៃ បានធ្វើជាមួយកម្ពុជា ដោយមានម៉ាឡេស៊ី អាមេរិក និងចិនធ្វើជាសាក្សីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សំឡេងផ្ទុះនាយប់មិញនេះ គេមិនទាន់ដឹងថា ជាការផ្ទុះដោយសារមូលហេតុអ្វីនោះទេ? នាពេលកន្លងមកនៅក្នុងទឹកដីក្នុងភូមិសាស្ត្រខាងលើនេះ តែងតែឮសូរសំឡេងផ្ទុះអាវុធជាញឹកញាប់ តែភាគីកម្ពុជាមិនដែលធ្វើសកម្មភាពឆ្លើយតបណាមួយឡើយ ហើយរក្សាបានយ៉ាងខ្ជាប់ខ្ជួនបំផុតនូវស្មារតីនៃបទឈប់បាញ់។

ជាការកត់សម្គាល់ ថៃ តែងតែធ្វើសកម្មភាពបង្កហេតុនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជាកំលុងពេលអនុវត្តបទឈប់បាញ់ ក្នុងចេតនាអុជអាលឱ្យមានការផ្ទុះអាវុធនៅតាមព្រំដែន។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ កងទ័ពថៃ បានបាញ់កាំភ្លើងធំចូលតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា តែស្មារតីគោរពបទឈប់បាញ់ កងទ័ពកម្ពុជា មិនបាញ់តបតនោះឡើយ។

សូមបញ្ជាក់ថា បើទោះបីយប់មិញនេះ មានឮសំឡេងផ្ទុះអាវុធនៅទឹកដីថៃ តែរហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពនៅក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ជាពិសេសភូមិជោគជ័យ និងព្រៃចាន់ មានសភាពស្ងប់ស្ងាត់៕