
រតនគិរី៖ គិតត្រឹមថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥នេះ មានរយៈពេល៧ថ្ងៃហើយ ដែលពលរដ្ឋក្មេង-ចាស់ ចំនួន ០៤ នាក់ ដែលបាត់ខ្លួនក្នុងហេតុការណ៍ទឹកជំនន់ហូរគួចយកផ្ទះ ក្នុងស្រុកអូរជុំ ខេត្តរតនគិរី មិនទាន់រកឃើញនៅឡើយទេ ខណៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំរុករកអស់ជាច្រើនថ្ងៃ មិនដឹងថាវាសនារបស់គួរគេស្លាប់ ឬនៅរស់រានមានជីវិតឡើយ។
តាមប្រភពពីអាជ្ញាធរខេត្តរតនគិរី បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កំពុងបន្តស្វែងរកមនុស្ស ចំនួន ០៤ នាក់ទៀត ដែលបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ កាលយប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារភ្លៀងធ្លាក់យ៉ាងគំហុក បានបង្កឱ្យមានទឹកជំនន់ កាត់ផ្តាច់ផ្លូវឆ្លងកាត់ទំនប់មួយកន្លែង ហើយបានកួចយកផ្ទះ ចំនួន ០២ គ្រួសារ ដែលមានមនុស្សសរុបចំនួន ០៥ នាក់ ទៅជាមួយ ខណៈកំពុងដេកលង់លក់មិនដឹងមានទឹកជំនន់។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក នាង សំអាត អភិបាលរងខេត្តរតនគីរី បានដឹកនាំកម្លាំងចម្រុះខេត្ត និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយសហការជាមួយនឹងកម្លាំងរដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តចុះរុករកប្រជាពលរដ្ឋ ចំនួន ០៤ នាក់ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅនាយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។
អាជ្ញាធរបានបញ្ជាក់ថា ដោយស្ថានភាពភូមិសាស្ត្រពិបាក ទឹកអូរជ្រៅ និងស្ថានភាពទឹកហូរខ្លាំង មានត្រឹបព្រៃជាដុំៗដោយសារទឹកហូររមូរខ្លាំងធ្វើឱ្យការរុករកមានការពិបាក។ ដោយគិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលបាត់ខ្លួន ចំនួន ០៤ នាក់នោះ ពុំទាន់បានរកឃើញនៅឡើយទេ។ ខណៈអាជ្ញាធររដ្ឋបាលស្រុកអូរជុំ ក៏ដូចជារដ្ឋបាលខេត្តរតនគិរី កំពុងដុតដៃដុតជើងដឹកនាំកម្លាំងបន្តរុករក។
តាមការបញ្ជាក់របស់អាជ្ញាធរ គ្រួសាររងគ្រោះទាំងពីរនេះ ពួកគាត់ជាជនជាតិដើមភាគតិចទំពួន ហើយជាសាច់ញាតិនឹងគ្នា រស់នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ ក្រោយមានហេតុការណ៍អាក្រក់នេះ អាជ្ញាធរបានរុករកឃើញសាកសពបុរសចំណាស់ម្នាក់ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា និងសាច់ញាតិ៤នាក់ទៀត អាជ្ញាធរ និងពលរដ្ឋខេត្តរតនគិរី កំពុងដុតដៃដុតជើងស្វែងរក៕


